រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ពលករខ្មែរជាង ២០០នាក់ សម្រុកចេញពីប្រទេសថៃ ឆ្លងព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្របពេលដែលច្រកទ្វារព្រំដែនត្រូវបានបិទ

  • 1.1ពាន់
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២៣​ ខែមិនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំអោយពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ២០០នាក់ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបិទមិនឱ្យចេញចូលទៅមក។

បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា÷ នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍​ត្រូវបង្ខំចិត្ត ឆ្លងព្រំដែន តាមអូរ តាមព្រៃ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ហើយជាក់​ស្តែង​នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាគ្សាជាមួយភាគីថៃ ដោយ​អនុញ្ញាត​ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់អោយនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ ពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ ដងខ្លួនដោយសារធាតុសម្លាប់មេរោគ រួចហើយអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត​ និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ និង​យុវជន​ សសយក, យុវជន កាកបាទក្រហម ចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងមន្ត្រីចត្តាឡីស័ក ធ្វើការកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ និងលាងសំអាតដៃ ជូនពលករដែលត្រលប់មកពីប្រទេសថៃ។

សូមបញ្ជាក់ថា៖ ពលករកម្ពុជាដែលសម្រុកឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា រហូតដល់ម៉ោង ១៤រសៀល គឺមានចំនួនសរុប ២២០នាក់ ស្រី១០៣នាក់ ក្នុងនោះមានកុមារ ចំនួន ២៥នាក់ផងដែរ។

អត្ថបទទាក់ទង