មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០០៣ សណន ស្តីពីការផ្សព្វផ្សាយអំពីវិធានការការបង្ការ ទប់ស្កាត់រាតត្បាតនៃជម្ងឺកូវីដ១៩ នៅរដ្ឋបាលថ្នាក់ជាតិ និងវិធានការការពារសន្តិសុខទូទៅ និងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានជំរុញដល់ សមត្ថកិច្ចចាត់វិធានការចំពោះអ្នកបំប៉ោងព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមនិងតាមទីសាធារណៈនានាទាក់ទងបញ្ហាជម្ងឺកូវីដ១៩ នៅខេត្តប៉ៃលិន ដែលអាចបង្កជាបញ្ហាអសន្តិសុខសង្គមនិងប្រទេសជាតិទាំងមូល។ឯកឧត្តមអក៏បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្ត អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលជាបន្ទាន់ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ឲ្យមានប្រសិទ្ធភាពខ្ពស់។ ការដាក់វិធានការនេះដោយមានបញ្ហានៃការរីករាតត្បាលឆ្លងនូវជំងឺកូវីត១៩គឺជាបញ្ហាសកលដែលពិភពលោកក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើងបាននិងកំពុងយកចិត្តទុកដាក់ការបង្ការ និងការទប់ស្កាត់ដោយដាក់ចេញទាំងវិធានការ នៃការអប់រំផ្សព្វផ្សាយ និងណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តប៉ៃលិនបានស្នើឲ្យអនុវត្តវិធានការសំខាន់ៗមួយចំនួនរួមមាន៖ រដ្ឋបាលក្រុងស្រុក ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះអាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃធ្វើចរាចរឆ្លងច្រកព្រំដែន និងពិនិត្យតាមដានសភាពការណ៍ផ្សេងៗទាក់ទងនឹងការឆ្លងជំងឺកូវីត១៩។ ស្នើរឲ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រកព្រំដែនជាដើម ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអាចកាត់បន្ថយអត្រានៃការឆ្លង និងត្រូវយកចិត្តទុកដាក់តាមដានសុខភាពប្រជាពលរដ្ឋ ខណៈវិរុសកូវីដ១៩ កំពុងរាលដាលនៅតាមខេត្តមួយចំនួន និងជម្រុញដល់ក្រុមគ្រូពេទ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងណែនាំប្រជាពលរដ្ឋកុំអោយមានការភ័យស្លន់ស្លោពេកនិងអប់រំដល់ពួកគាត់អោយបានយល់ដឹងពីវិធីការការពារអោយមានប្រសិទ្ធភា។ ទន្ទឹមនេះ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់សាធារណៈជនទូទៅអោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនឯង ជាពិសេសរួមគ្នាឆ្លើយតបចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំពុលសង្គម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនភ័យខ្លាច។ ពាក់ព័ន្ធទៅនឹងកម្ពុជានិងថៃ ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើចរាចរឆ្លងកាត់ព្រំដែនក៏ពិតមែនប៉ុន្តែ នៅតាមច្រកទ្វារទ្វេរភាគី និងច្រកទ្វារព្រំដែនអន្តរជាតិ បានសម្រេចអនុញ្ញាតឲ្យចរាចរទំនិញឆ្លងកាត់តាមធម្មតា ដោយភាគីទាំងពីរត្រូវផ្ទេរទំនិញនៅចំណុចស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តចំពោះបញ្ហាជំងឺឆ្លងកូវីត១៩ដែលកើតឡើងលើប្រជាពលរដ្ឋគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិនគ្មានអ្នកជំងឺឆ្លងកូវីត១៩ នោះទេ តែពេលនេះមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្រុង-ស្រុកទាំង០៦ បាននឹងកំពុងធ្វើការអបរំសុខភាព ផ្សព្វផ្សាយស្ដីពីវិធានការបង្កាការពារ និងទប់ស្កាត់ ស្ថានភាពជំងឺដល់ប្រជាពលរដ្ឋតាមសហគមន៏អោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនផងដែរ។