នៅសាលាខេត្តប៉ៃលិនកាលពីព្រឹកព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ូឌីម៉ាន ហាសេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការីនៅសាលាខេត្តប៉ៃលិន ក្នុងនាឱកាសនោះឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក៏បានធ្វើការបញ្ជាក់ថា ខេត្តប៉ៃលិនជាខេត្តដែលល្បីឈ្មោះមានរ៉ែធម្មជាតិត្បូងប៉ៃលិន ហើយបច្ចុប្បន្ននេះមានសក្តានុពលលើវិស័យកសិកម្មមានការរីកចម្រើនគួរអោយកត់សម្គាល់។ទន្ទឹមនេះខេត្តប៉ៃលិនជាខេត្តដែលហ៊ុំព័ទ្ធដោយធម្មជាតិព្រៃភ្នំស្រស់ត្រកាល ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលជាខេត្តស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថាៈកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ តាំងពីសតវត្សទី៨ ទី៩មកម្លេះ ដែលកម្ពុជាមានទំនាក់ទំនងល្អទាំងវប្បធម៌ និង ទេសចរណ៍ ។ ដូច្នេះ កិច្ចសហការទំនាក់ទំនងនៃប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និង ទេសចរណ៍ វប្បធម៌ ក្នុងនោះឯកឧត្តមក៏ស្នើសុំការគាំទ្រ ពីសំណាក់ឯកឧត្តម អភិបាលខេត្តប៉ៃលិន ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះឲ្យកានតែមានដំណើរការរីកចម្រើនបន្តទៀតផង ។
តាមរយៈនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នានាពេលកន្លងមកនេះ គឺមានគម្រប់ខួប៦០ឆ្នាំ ប្រទេសឥណ្ឌូនេស៊ីនិងផ្តល់អាហាររូបករណ៍ដល់និសិត្សខេត្តប៉ៃលិនដើម្បីអោយកិច្ចសហការមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនិងទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងទូទៅយូរអង្វែងរឹងមាំ។
ជាការឆ្លើយតបលោក ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិនបានស្វាគមន៏ និងសំដែងនូវការសាទរចំពោះវត្តមានរបស់ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលបានអញ្ជើញបេសកម្មមកកាន់ខេត្តប៉ៃលិន។ អភិបាលខេត្តប៉ៃលិនបានបន្ថែមថា៖ ជំនួបរវាងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីពិតជាមានសារះសំខាន់ណាស់និងជាប្រវត្តិសាស្ត្រសម្រាប់ខេត្តដែលមិនអាចបំភ្លេចបានឡើយ។ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិនក៏ដូចឯកឧត្តមផ្ទាល់មានសេចក្តីរីករាយ និងគាំទ្រចំពោះគណៈប្រតិភូឥណ្ឌូនេស៊ី ដែលមានបំណងចង់វិនិយោគនៅក្នុងខេត្តមួយនេះ។ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា៖ សម្រាប់ខេត្តប៉ៃលិន នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយឥណ្ឌូនេស៊ីគ្រប់ពេលវេលាជានិច្ច។ អភិបាលខេត្ត ក៏បានស្នើរទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយស្វែងរកដៃគូវិនិយោគពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តប៉ៃលិនលើផ្នែកកសិកម្ម ទេសចរណ៍ និងផ្នែកផ្សេងៗទៀត ព្រោះខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្មនិងទេសចរណ៍៕