នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ខ្លួន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងប្រធានក្រុមប្រឹក្សាក្រុងស្រុកមេឃុំ ចៅសង្កាត់ និងស្មៀន ឃុំសង្កាត់ផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខេត្តសាមញ្ញលើកទី៩ អាណត្តទី៣ មានរបៀបវារៈដូចជា៖ ទី១/ ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ ទី២/ ពិនិត្យនិងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងទី៣/ បញ្ហាផ្សេងៗ ។
បន្ទាប់ពីលោក ស៊ុន គ្រឿង ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាបានអានសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកក្រុមប្រឹក្សាបានលើកបញ្ហាប្រឈមមួយចំនួនដូចជា៖ ទី១/ បញ្ហាការធ្វើប្លង់ដីមិនទាន់ចេញប្លង់ជូនប្រជាពលរដ្ឋ និងធ្វើប្លង់ដីយកលុយពីប្រជាពលរដ្ឋហើយមិនចេញប្លង់ដីអោយ ទី២/ បញ្ហាសម្រាមនៅតាមដងផ្លូវទាំងក្រុងស្រុក ទី៣/ បញ្ហាកង្វះទឹកនៅតាមស្ទឹងអូរមួយចំនួន ទី៤/បញ្ហាប្រព័ន្ធតុលាការ និងបញ្ហាទី៥ ការលើកកម្ពស់ស្រ្តី ។
ជាការឆ្លើយតបចំពោះបញ្ហាខាងលើឯកឧត្ត ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានយល់ស្របនូវការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា អំពីបញ្ហាប្រឈម នានាហើយរដ្ឋបាលខេត្តនឹងខិតខំយកទៅដោះស្រាយបន្តទៀត ជាពិសេសសូមអោយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យតាមដានរាល់មន្រ្តីរបស់ខ្លួនជាប្រចាំក្នុងការធ្វើប្លង់ដីជូនបងប្អូនប្រជាពលរដ្ឋ និងស្រាវជ្រាវមន្រ្តីណាដែលខិលខូចដើម្បីណែនាំ បើមិនព្រមស្តាប់ត្រូវតែអនុត្តន៍អភិក្រមទី៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា៖ ចំពោះបញ្ហាប្រព័ន្ធតុលាការសូមអោយសមត្ថកិច្ចពាក់ព័ន្ធត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន លើកលែងតែបទល្មើសនោះធ្ងន់ធ្ងរ។ ចំពោះបញ្ហាសម្រាមរដ្ឋបាលខេត្តនឹងខិតខំបន្ត និងស្នើរអោយរដ្ឋបាលក្រុងស្រុកត្រូវដោះស្រាយបញ្ហាសម្រាមនេះចាប់ពីព្រំដែនរហូតដល់ទីប្រជុំជន។ រីឯបញ្ហាការលើកកម្ពស់ស្រ្តី ថ្នាក់ដឹកនាំទាំងអស់ត្រូវតែយកចិត្តដាក់ជួយលើ ការលើកកម្ពស់ដល់ស្រ្តី ព្រោះស្រ្តីត្រូវបានផ្តល់ជាអទិភាពក្នុងការដឹកនាំនៅតាមក្រសួងស្ថាប័ននានារហូតដល់ថ្នាក់មូលដ្ឋានផងដែរ និងបញ្ហាផ្សេងៗទៀតរដ្ឋបាលខេត្តនឹងបន្តខំដោះស្រាយអោយបានទាន់ពេលវេលា។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រប់អង្គភាពមន្ទីរស្ថាប័នទាំងអស់ត្រូវតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហា និងបម្រើសេវាសធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។ ក្នុងឱកាសនោះផងដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ក៏បានអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតនិងដាក់អោយប្រើប្រាស់នូវនិម្មិតសញ្ញាខេត្តប៉ៃលិន តាមប្រកាសលេខ១៥៨៨ ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ ថា៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តធ្វើឡើងមួយខែម្តង ដូច្នេះសូមអោយប្រធាននិងតំណាងអង្គភាពមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ត្រូវមកចូលរួមកុំបីអាកខានឡើយ ជាពិសេសគឺប្រធានអង្គភាព ដើម្បីងាយស្រួលសម្រេចនិងដោះស្រាយបានភ្លាមៗទាន់ពេលវេលា។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក បើមានបញ្ហាអ្វីមួយត្រូវបញ្ចប់ត្រឹមសមត្ថកិច្ចក្រុងស្រុកបានហើយកុំអោយមកបន្តដោះស្រាយនៅតុលាការ វាធ្វើអោយរឿងតូចក្លាយជារឿងធំអស់ទ្រព្យសម្បត្តិផ្សេងៗ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការទប់ស្កាត់គ្រោះ អគ្គីភ័យ នៅរដូវប្រាំងនេះអោយបានទាន់ពេលវេលា ជាពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជំរុញអោយបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ន្នខ្ពស់ និងបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ។ ឯកឧត្តម បានកោតសសើរដល់រដ្ឋបាលខេត្តដែលបានខិតខំបន្តអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនគួអោយកត់សម្គាល់។ ក្នុងឱកាសនោះផងដែរឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងបន្ថែមថា៖ ពាក់ព័ន្ធទៅនឹងជំងឺឆ្លងកូវិដ-១៩ (Corona)ដែលក្លាយទៅការភ័យខ្លាចពាសពេញលើសកលលោក សូមអោយរដ្ឋបាលខេត្តក្រុងស្រុក និងប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត ជួយផ្សព្វផ្សាយដល់មន្រ្តីក្រោមឱវាទ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងកុំរើសអើង កុំខ្លាចគ្នា ជាពិសេសត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋពាក់ម៉ាស់អោយបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូរជាប្រចាំ។