រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ស្រ្តី មានផ្ទៃពោះត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងពិនិត្យសុខភាពអោយបានទៀងទាត់

  • 872
  • ដោយ poeuninfo

មានប្រសាសន៍នៅក្នុងពិធី​អបអរសាទរ​ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១គុម្ភៈ ក្រោម​ប្រធានបទ “សុខភាពកុមារ​កម្ពុជានា​ពេល​អនាគត់” ដែលបានធ្វើឡើងនាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ នៅអគារសាលប្រជុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដែលមានបងប្អូនជាស្រី្តមានផ្ទៃពោះ និងស្ត្រីសម្រាលកូន ចំនួន ២៥០នាក់ចូលរួម, លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា​ខេ​ត្ត​ប៉ៃលិន បានមានប្រសាសន៍អំពាវនាវដល់ដល់ស្រ្តីជាមាតាទើបសម្រាលកូនរួច និងស្រ្តីមានផ្ទៃពោះទាំងឡាយ ត្រូវយកចិត្ត​ទុកដាក់​ថែរ​ក្សា​សុខភាពអោយបានល្អ ត្រូវមានអនាម័យជានិច្ចក្នុងការរស់នៅ ពោលគឺត្រូវពិសារទឹកស្អាត បរិភោគចំណីអាហាដែលមានគុណភាព និងអនាម័យត្រឹមត្រូវ និងត្រូវពិនិត្យ​សុខភាព​អោយបានទៀងទាត់ នៅតាមមណ្ឌលសុខភាព និងមន្ទីរ​បង្អែក​ខេត្ត ដែលនៅ​ជិតផ្ទះ​បងប្អូន។ មាតាទាំងឡាយ​ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយគត់​ ចាប់ពីពេលទារក​កើតភ្លាម រហូតដល់​ទារកមាន​អាយុ៦ខែ ដើម្បី​បង្កាទប់ស្កាត់ជំងឺផ្សេងៗ លើក​កម្ពស់សុខភាព​មាតា​ និងទារកអោយបានរឹងមាំ។​ លើសពីនេះ ស្រ្តីទាំងឡាយ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការចូលរួមការពារ ទប់​ស្កាត់ ការឆ្លងនៃជំងឺ COVID-19 ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលរួមមាន៖ ទី១ / ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។ ទី២/ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។ ទី៣/ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃអោយបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ទី៤/ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។ ទី៥/ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។ ទី៦/ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ដោយការខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម។ ទី៧ ៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥។ លោកជំទាវ បានមាន​ប្រសាសន៍បន្តថា៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា តែង​តែយកចិត្តទុកដាក់ និង​គិតគូរ​ចំពោះបងប្អូន​ប្រជាពលរដ្ឋជានិច្ច​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​​អ្វី​​ឡើយ ក្នុងការជួយដោះស្រាយបញ្ហានានា និងជួយ​សម្រួលជីវភាពរបស់​បងប្អូនដែល​ខ្វះខាត ជួបគ្រោះមហន្តរាយផ្សេងៗ។ ជា​ពិសេសចាប់តាំងពីឆ្នាំ២០១៩មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំ ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព។

សូមបញ្ជាក់ថា៖បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានអោយដឹងថា នៅក្នុងខេត្តប៉ៃលិន មានទីតាំងផ្តល់សេវាពិគ្រោះ មុននិងក្រោយ សម្រាលចំនួន ៧កន្លែង និងសេវាសម្រាលកូនចំនួន ០៦ កន្លែង។ ក្នុងឆ្នាំ ២០១៩នេះ មានស្រ្តីចំនួន ១,៥០២ នាក់  បានសំរាលកូនដោយបុគ្គលិកសុខាភិបាល ដែលស្មើនឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩0% ។ ការសំរាលកូន​ដោយវិធី​វះកាត់ចំនួន១០៩នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលស្មើ៧%។ ចំនួនស្ត្រីមានគភ៌បានទទួល​ពិនិត្យ​ផ្ទៃពោះមុនសំរាល៤ដង ​ដោយបុគ្គលិកសុខាភិបាលមានចំនួន១,៧៥៨ករណី​​​​ ស្មើ១០០% ។ ស្រ្តីមាន​ផ្ទៃពោះ​ដែល​បានមក​ពិនិត្យផ្ទៃពោះមុនសំរាល ​៤ដង បាន​ទទួលគ្រាប់ថ្នាំជីវជាតិដែក ឬ អាស៊ីតហ្វូលិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចំនួន ១,៧៥៨នាក់ ស្នើនឹង ១០១% និងក្រោយសំរាលបានបាន ១,៤៥៨ នាក់ ស្មើ ៩៧% ។ ក្នុងចំណោមស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាល ៩៥% បានបំបៅដោះទារកក្ន្ងកំឡុងពេលមួយម៉ោងក្រោយពេលសម្រាល ។ ក្នុងឆ្នាំ ២០១៩នេះដែរ គ្មានស្រ្តីសម្រាលកូនហើយស្លាប់នៅមូលដ្ឋានសុខាភិបាលខេត្តយើងទេ។

នាឱកាសនោះដែរ លោកជំទាវ បានស្រីមុំ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី នៃសាខាកាកបាទក្រហមខេត្ត ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ចំនួន ២៥០នាក់ ដោយ ១ម្នាក់ៗ ទទួលបានភួយ១  កន្សែង ១ ខោអាវកូនក្មេង១ សាប៊ូកូនក្មេង ១ដប សារ៉ុង១ ក្រម៉ា១ ប្រេងក្រឡា១ដប ម៉ាសៅកូនក្មេង១ ដប កំប៉ុងទឹកដោះគោ២  និងថវិកា ៣០០០០រៀល ផងដែរ ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង