(ប៉ៃលិន)៖ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ ចំនួន៦០៣នាក់ ក្នុងសហគមន៍ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនិតិសប្បទាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ លើកកំពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជនបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។ ឯកឧត្តមបន្តថា៖ រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើងនិងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរ ដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនជនពិការយើង ជាពិសេសខេត្តប៉ៃលិនយើងត្រូវបានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ចនិងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានអោយដឹងថា៖ ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ជនពិការក្រីក្រក្នុងក្រុងប៉ៃលិន សរុបចំនួន៦០៣នាក់ ស្រី១៥២នាក់ ក្នុងនោះទទួល១២ខែ ចំនួន ៣៦៣នាក់ ស្រី ៧៦នាក់ និងទទួល០៦ខែ ចំនួន ២៤០នាក់ ស្រី ៧៦នាក់ សម្រាប់ឆ្នាំ ២០២០។