នៅរីសតមេម៉ូរីយ៉ាផាឡេស ព្រឹកថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២០ ក្រសួងកិច្ចការនារីបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រួសួងកិច្ចការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមអញ្ជើញចូលរួមចំនួន៤៦នាក់ ស្រី ៤១នាក់មកពី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសហគ្រិនភាពស្ត្រី នាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសហគម។ ការចូលរួមរបស់ស្ត្រីនៅគ្រប់កាលៈទេសៈនៃសកម្មភាពសង្គម ភាពអង់អាចរបស់ស្ត្រីគឺជាកត្តារួមចំនែកធ្វើអោយសង្គមជាតិ មានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរក្នុងបរិយាកាសនៃសុខសន្តិភាព សុខដុមរមណីយកម្ម ស្ថេរភាពនយោបាយ និងសុខមាលភាពសង្គម។ ឯកឧត្តមបន្តថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមិនបានទុកឱ្យនរណាម្នាក់ឯកោឡើយ នឹងកំពុងបន្តធ្វើការគាំទ្រ ជំរុញ អន្តរាគមន៍ ធានា និងការផ្តល់កិច្ចការពារដល់ស្ត្រី និងក្មេងស្រី និងក្រុមជនងាយរងគ្រោះ ឱ្យទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ ដើម្បីឱ្យស្របនឹង ប្រធានបទស៊ីសង្វាក់ជាអទិភាពនៃមហាសន្និបាតរបស់គណៈកម្មាធិការ លើកកម្ពស់តម្លៃស្ត្រីនៃ អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៩ អោយស្របទៅតាមការអភិវឌ្ឍសហគ្រិនភាពស្ត្រីនៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យ។
លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងគោលបំណងដើម្បីផ្តល់ជូនស្ត្រីខ្មែរនូវតម្លៃ និងសេចក្តីសង្ឃឹមក្នុងជីវិត និងដើម្បីផ្តល់ឱកាសដល់ស្ត្រីបានចូលរួមយ៉ាងពេញលេញស្មើភាពជាមួយនឹងបុរស ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះដែររាជរដ្ឋាភិបាលបានផ្តល់ជូននូវស្ត្រី គឺលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ។ ជាមួយគ្នានេះដែរ គឺផ្តល់អាទិភាពដល់ស្ត្រីបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន។ លោកជំទាវបានបន្តថា៖ «ការរីកចម្រើនរបស់ស្ត្រី បើយើងធ្វើការប្រៀបធៀបនៅគ្រប់សម័យកាលនៃសង្គមកម្ពុជា យើងឃើញថាការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច មានការរីកចម្រើនច្រើនណាស់»។ ម្យ៉ាងវិញទៀតសិក្ខាសាលានេះមានគោលបំណងផ្តល់វេទិកាដល់តាមន្ទីរវិស័យ សហគមន៍តាមបណ្តា រាជធានីខេត្ត សហគ្រិនស្ត្រីកម្ពុជា ដើម្បីចូលរួមពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ទៅលើឧបសគ្គ និង របាំងសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្ត្រីនៅក្នុងប្រទេសកម្ពុជាដើម្បីកំណត់ និង ប្រមូលគំនិតអនុសាសន៍ សម្រាប់គោលនយោបាយប្រកបដោយសក្តានុពលដែលឆ្លើយតប នឹងតម្រូវការចំណាប់អារម្មណ៍នៃសហគ្រិនភាពជាស្ត្រី ដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គជុំវិញការអភិវឌ្ឍន៍ ដើម្បីរួមគ្នារវាងវិស័យសាធារណៈនិងឯកជនក្នុងការលើកកម្ពស់ អភិវឌ្ឍន៍សហគ្រិន និង បង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកជំទាវ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា “សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែនផ្តល់ផលប្រយោជន៍ចំពោះស្រ្តីតែប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលជាវិជ្ជមាននិងទូលំទូលាយដល់ក្រុមគ្រួសារ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោតការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយវាជាយន្តការគាំទ្រដល់សហគ្រិនភាពជាស្ត្រីបានសម្រេចគោលដៅជោគជ័យផងដែរ។”
គួរបញ្ជាក់ផងដែរថា៖ សិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសហគ្រិនភាពស្ត្រីនៅក្នុងប្រទេសកម្ពុជានៅខេត្តប៉ៃលិន នាពេលនេះមានរយះពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១១ កុម្ភះ រហូតដល់ថ្ងៃទី ១៣ កុម្ភះ ២០២០ ហើយមានសិក្ខាកាមអញ្ជើញចូលរួមចំនួន៤៦នាក់ ស្រី ៤១នាក់មកពី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ។