រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរអប់រំ យុវជន និងកីឡា ធ្វើសន្និបាតបូកសរុបលទ្ធិផលការងារអប់រំ ឆ្នាំសិក្សា២០១៩ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២០

  • 1.0ពាន់
  • ដោយ poeuninfo

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើសន្និបាតបូកសរុបវាយតម្លៃលទ្ធិផលការងារវិស័យអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២០ ដែលមានការអញ្ជើជាអធិបតីភាពពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង មានការចូលរួមពីសំណាក់លោក- លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រះសង្ឃ គណៈគ្រប់គ្រងសាលា នាយកសាលា និងបុគ្គលិកសិក្សាជាច្រើននាក់ផងដែរ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានមានប្រសាសន៍ថា៖ ក្នុងឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ លោកគ្រូអ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ បានសហការជាមួយសហគមន៍ អាជ្ញាធរដែនដី ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម ដើម្បីអនុវត្តអោយបានជោគជ័យនូវកំណែទម្រង់ស៊ីជំម្រៅទាំង ៨ចំនុច ដែលបានដាក់ចេញដោយឯឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ លោកបានមានប្រសាសន៍បន្តថា៖ សន្និបាតនាពេលនេះ ជាឱកាសល្អសម្រាប់មន្រ្តីអប់រំ សហគមន៍ និងអាជ្ញាធរដែលដីគ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា ជជែកវែកញែក ផ្លាស់ប្តូរមតិយោបល់ ចំណេះដឹង និងបទពិសោធន៍ក្នុងគោលបំណងដោះស្រាយបញ្ហានានា ដែលបានកើតឡើងនាឆ្នាំសិក្សាកន្លងទៅ និងរិះរកវិធានការថ្មីល្អៗ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត អោយកាន់តែប្រសើឡើងថែមទៀតសម្រាប់ឆ្នាំបន្ទាប់។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ សំដែងការបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំបូជាអស់នូវកំលាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុនៃបង្រៀន និងការបង្កាត់បង្រៀនដល់កុលបុត្រខ្មែរជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សីអោយមានចំណេះ ជំនាញ ដែលជាធនធានដ៏សំខាន់ក្នុងការបន្តការដឹកនាំ អភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនបន្តទៀត។ ឯកឧត្តម បានមានប្រសាសន៍ថា៖ ដើម្បីអោយអង្គសន្និបាតប្រព្រឹត្តទៅដោយជោគជ័យ ទទួលបាននូវគំនិត បទពិសោធថ្មីៗ ល្អៗ សម្រាប់ដាក់បញ្ចូលជាផែនការក្នុងការអភិវឌ្ឍន៍វិស័យអប់រំអោយកាន់តែមានការរីកចំរើនជាបន្តបន្ទាប់ទៀត សូមអោយសមាជិក សមាជិកានៃអង្គសន្និបាត និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សា និងបញ្ចេញមតិអោយបានផុសផុលលើប្រធានបទ ចំណុចខ្លាំង ចំណុចខ្សោយនៃការអនុវត្តការងារនាពេលកន្លងមក ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានសាលារៀន សរុប ចំនួន ១១២ សាលា ក្នុងនោះ មត្តេយ្យសិក្សាមានចំនួន ២៤សាលា  បឋមសិក្សាមានចំនួន ៤៨ សាលា អនុវិទ្យាល័យមានចំនួន ៧ សាលា, វិទ្យាល័យមានចំនួន ២ សាលា, មត្តេយ្យសហគមន៍មានចំនួន ១១ កន្លែង, មត្តេយ្យសិក្សាឯកជនមានចំនួន ១០សាលា និងបឋមសិក្សាឯកជនមានចំនួន ១០សាលា។ សិស្សទូទាំងខេត្តសរុបមានចំនួន១៩,២៥៦នាក់ ស្រីចំនួន ៩,៥៣៥នាក់ ក្នុងនោះមាន៖ សិស្សមត្តេយ្យសិក្សាមានចំនួន ១,១៧៣នាក់ ស្រីចំនួន ៦១១នាក់, សិស្សបឋមសិក្សាចំនួន ១០,៤៦២នាក់ ស្រីចំនួន ៤,៩៨៨នាក់, សិស្សអនុវិទ្យាល័យចំនួន ១,៩៨៧នាក់ ស្រីចំនួន ១,០៤១នាក់, សិស្សវិទ្យាល័យចំនួន ២,៩៤៩នាក់ ស្រីចំនួន ១,៥៩១នាក់, សិស្សមត្តេយ្យសិក្សាសហគមន៍ចំនួន ២៦១នាក់ ស្រីចំនួន ១៣៤នាក់, សិស្សមត្តេយ្យសិក្សាឯកជនចំនួន ៦៧៨នាក់ ស្រីចំនួន ៣០៨នាក់, សិស្សបឋមសិក្សាឯកជនចំនួន ១,៧៥០នាក់ ស្រីចំនួន ៨៦២នាក់ផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង