ថ្ងៃអង្គាត ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកជំទាវ វណ្ណា រ៉េត លោកជំទាវ ស៊ុំ ហៀង ព្រមទាំងតំណាងអង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានអញ្ជើញកាត់ខ្សែបូ សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារបណ្ណាល័យសិក្សាសហគមន៍មួយខ្នង នៅក្នុងសាលាចំណេះទូទៅ និងបច្ចេកទេសប៉ៃលិនហៅកាត់ថា SCCFA ដែលស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទាំងសាលា និងបញ្ណាល័យថ្មីនេះ ជាជំនួយរបស់អង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី។
លោកស្រី ប៊ុន ឡឺវីសេដា ប្រធានមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានមានប្រសាសន៍ថា៖ អាគារបណ្ណាល័យសិក្សាសហគមន៍ថ្មីនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីអាគារសិក្សាចំនួន២ខ្នង (មួយខ្នងមាន៣បន្ទប់) ដែលអង្គការបានផ្តល់អោយកាលពីឆ្នាំ២០១២ និង២០១៧ កន្លងទៅ។ ការជួយកសាងអាគារបណ្ណាល័យសិក្សាសហគមន៍ថ្មីបន្ថែមនេះគឺដើម្បីបណ្តុះគំនិតអោយក្មួយៗសិស្សានុសិស្ស អោយស្រលាញ់ការសិក្សា និងការអានសៀវភៅ ដើម្បីបណ្តុះផ្នត់គំនិត និងចំណេះដឹង បន្ថែម។ លោកស្រីបានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមថែទាំសមិទ្ធផលថ្មីនេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវ ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវចំណេះដឹងអោយបានជ្រៅជ្រះ គ្រប់ៗគ្នា ព្រោះមានតែចំណេះដឹងទេ ដែលនាំក្មួយៗទៅរកភាពរុងរឿង រីកចំរើននៅថ្ងៃអនាគត់។ លោកស្រីបានបញ្ជាក់ផងដែរថា នឹងជួយកសាងនូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនៅក្នុងសាលានេះ នៅពេលមានតម្រូវការចាំបាច់។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី និងសប្បុរស់ជនទាំងអស់ដែលបានលះបង់ទាំងថវិកា កំលាំងកាយ ចិត្តដើម្បីបុព្វហេតុនៃកុមារកម្ពុជា ពិសេសកុមារនៅតំបន់ដាច់ស្រយ៉ាយនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការជួយកសាង សាលារៀន និងបណ្ណាល័យ នាពេលនេះពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និង លើកកំពស់វិស័យអប់រំនៅប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងមានការយកចិត្តទុកដាក់ជាទីបំផុត។ ការអភិវឌ្ឍ ការកសាងសមិទ្ធិផលនានាដែលបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានសម្រេចទៅបានដោយកត្តាសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រិះសំខាន់បំផុត ដែលយើងត្រូវរួមគ្នាថែរក្សាអោយបានគង់វង្សជានិច្ចនិរន្ត។
នៅក្នុងឱកាសនោះផងដែរ គណៈអធិបតី និងសប្បុរសជន ក៍បាន ចែកសៀវភៅ ប៊ិច សម្លៀកបំពាក់ ជូនដល់សិស្សានុសិស្ស។ ក្នុងនោះដែរលោកជំទាវ វណ្ណា រ៉េត ក៏បានឧបត្ថម្ភថវិកា ដល់សិស្សានុសិស្សចំនួន ២៥០នាក់ ដោយក្នុងម្នាក់ៗទទួល ថវិកា ៤០០០រៀល, អាណាព្យាបាលសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន ២៦នាក់ ក្នុងម្នាក់ៗ ថវិកា ៤ម៉ឺនរៀល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន