ព្រឹកថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ជា លាភ និង ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត លោកជំទាវ សុំ ហៀង ស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងនគរបាលអន្តប្រវេសន៍ប្រចាំការនៅព្រំដែន បានដឹកនាំរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៤គ្រឿង ចុះរៀបចំសណ្តាប់ធ្នាប់ និងបាញ់ទឹកលាងសម្អាតដងផ្លូវសាធារណៈ នៅចំណុចច្រកទ្វារអន្តរជាតិព្រំ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ គោលបំណងនៃការចុះសំអាត ធ្វើអនាម័យលើដងផ្លូវនាពេលនេះ គឺដោយសារនៅច្រកទ្វារអន្តរជាតិព្រំនេះជាតំបន់សេដ្ឋកិច្ចសំខាន់របស់ខេត្តប៉ៃលិន និងមានភ្ញៀវទេសចរណ៍ចេញ-ចូលច្រើន។ ការលាងសំអាតផ្លូវនេះ ដើម្បីអោយដងផ្លូវរបស់យើងមានភាពស្អាតល្អ ក៏ដូចជាការដាស់តឿន ដល់ប្រជាពលរដ្ឋអោយមានការភ្ញាក់រលឹក ចេះស្រឡាញ់ និងរួមគ្នាសំអាតបរិស្ថានអោយបានល្អ ជាប្រយោជន៍ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋយើង ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្ត ដែលនាំមកនូវចំណូលដល់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងផងដែរ។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្តប៉ៃលិនតែងមានការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្តនានាជាច្រើននៅក្នុងខេត្ត ហើយក្នុងនោះវិស័យបរិស្ថានក៏មានការលើកស្ទួយយ៉ាងខ្លាំងផងដែរ ដោយមានការដាំដើមឈើ ការដាំផ្កាលម្អ ការកែលំអរសួនច្បារ សាធារណៈជាដើម ធ្វើយ៉ាងណាអោយបរិស្ថាននៅក្នុងខេត្តប៉ៃលិនមានភាពស្រស់បំព្រង ស័ក្កសមជាកន្លែងកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន