ដើម្បីអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំ ថ្ងៃ ៧មករា (១៩៧៩-២០២០) សហព័ន្ធកីឡាវាយសីកម្ពុជាសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នឹងដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង ថា៖ «គោលបំណងដែលសហព័ន្ធរៀបចំការប្រកួតនេះឡើង គឺដើម្បីអបអរជ័យជំនះ ៧មករា និងដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបង្កើនជំនាញ ត្រៀមលក្ខណៈ និងលើកកម្ពស់ ពង្រឹងសមត្ថភាពអត្តពលិកពី១ ថ្ងៃ ទៅ ១ ថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅយកមេដាយមាសឲ្យបានពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»។ ឯកឧត្តមបានបន្ថែមថា៖ «សហព័ន្ធកីឡាវាយសីកម្ពុជា បានខិតខំជំរុញការហ្វឹកហាត់ និងការប្រកួតឲ្យបានច្រើន ក្នុង១ឆ្នាំៗ ដូច្នេះកីឡាករ កីឡាការិនីជ័យលាភីទាំងឡាយ កុំអបអរសាទរនឹងជ័យជម្នះភ្លេចខ្លួន គឺត្រូវខិតខំសម្រួចជំនាញជាបន្តទៀត ដើម្បីរក្សាសមិទ្ធផលដែលទទួលបាននិងឈានទៅយកមេដាយក្នុងព្រឹត្តិការណ៍ធំៗបន្ថែមទៀត ព្រោះទិសដៅរបស់យើង មិនមែនត្រឹមការដណ្តើមមេដាយ នៅក្នុងស្រុកនោះទេ គឺការដណ្តើមមេដាយនៅលើឆាកអន្តរជាតិជូនប្រទេសជាតិរបស់យើងផងដែរ»។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្តែងនូវអារម្មណ៍រីករាយនិងមោទនភាពជាក្រៃលែងដែលខេត្តប៉ៃលិនបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០ ដើម្បីអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំ ថ្ងៃ ៧មករា (១៩៧៩-២០២០) ក្រោមការដឹកនាំនឹងរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជានិងរដ្ឋបាលខេត្តប៉ៃលិន បានប្រព្រឹត្តទៅយ៉ាងរលូន ហើយសំដៅបង្កើតសមត្ថភាព សាមគ្គីភាព មិត្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ម្យ៉ាងវិញទៀតដើម្បីក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជំនះខួបទី៤១ ថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០២០ និងគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត បង្កើតឡើងនូវសន្តិភាពពេញលេញនូវទូទាំងប្រទេស។ ឯកឧត្តមបន្តថា ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រជាជនគ្រប់រូបគ្រប់មជ្ឈដ្ឋានកត្រូវការសន្តិភាពនេះជាចាំចាប់ ទើបនៅតាមមន្ទីរ អង្គភាព សាលារៀន វត្តអារាមនានា ក្នុងខេត្ត បានបង្ហាញពីការគាំទ្រនូវប្រសាសន៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះគឺ ” ខ្ញុំស្រឡាញ់សន្តិភាព - អរគុណសន្តិភាព ” ។
ជាលទ្ធផល៖ (វិញ្ញាសារវាយគូពិសេសអាយុ ៣៣ឆ្នាំឡើង ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយស្រីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូវ័យចំណាស់អាយុ ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តរតនៈគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីព្រះរាជខ័ន)។ (វិញ្ញាសារវាយគូគូបុរសអាយុ៤០ឆ្នាំ ដល់ ៤៩ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។) (វិញ្ញាសារវាយគូបុរសអាយុ ១៩ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីភ្នំពេញ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូបុរស អាយុក្រោម ១៨ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។) (វិញ្ញាសារវាយគូជំទង់អាយុក្រោម ១៦ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសី ខេមរះមហានគរ ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូនារី (មិនគិតអាយុ)៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ចាម។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។)
គួរបញ្ជាក់ផងដែរសម្រាប់ក្រុមកីឡាករទាំងអស់ទទួលបានពានរង្វាន់ទឹកប្រាក់លើកទឹកចិត្ត ដោយចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ១,២០០,០០០រៀល ពាន១ ដងវាយសី ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ៨០០,០០០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន ៦០០,០០០ម៉ឺនរៀល ហើយឯកឧត្ដម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានឧបត្ថម្មនូវថវិកាបន្ថែមចំនួន ១៥,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០ អបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំនេះផងដែរ។