ប៉ៃលិន៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រជុំ ពិភាគ្សាការងារ ជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាគ្សាពីផែនការសហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៩ (រដូវប្រាំង ឆ្នាំ២០១៩-២០២០)។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចសហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបត្តិការល្អរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន ហើយក៍ជាការងារមនុស្សធម៌ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករក គាស់ អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល មានបំណងចង់ឱ្យខេត្តទាំង២ ប៉ៃលិន-ឡុងអាន ចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ លើវិស័យមួយចំនួន ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វិស័យបណ្តុះបណ្តាលធនធានមនុស្ស និងកីឡា ការផ្លាស់ប្តូបទពិសោធន៍នឹងសហការជួយគ្នាទៅវិញទៅមកលើកិច្ចការសង្គម និងពង្រឹងសមត្ថភាពយុវជន ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម បង្កើតនូវទំនាក់ទំនងជាទៀងទាត់រវាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរ ដើម្បីសម្របសម្រួលនិងពិគ្រោះយោយល់ស្តីពីការផ្លាស់ប្តូកិច្ចសហប្រតិបត្តិការ និង ចាត់តាំងការប្រជុំបូកសរុបលទ្ធផលរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការអោយបានទៀងទាត់។
ជាការឆ្លើយតបឯកឧត្តម ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន បានមានប្រសាសន៍សំនូមពរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី១៩ រដូវប្រាំងឆ្នាំ ២០១៩-២០២០ នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អ ពីព្រោះការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងទ័ពវៀតណាមនៅកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដែលកន្លងមកបានសហការល្អជាមួយក្រុមការងារគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ធ្វើឱ្យដំណើរការរុករកអដិ្ឋធាតុកងទ័ពវៀតណាមទទួលបានជោគជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ថា៖ ការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន សរុបចំនួន ១០៥អដ្ឋិធាតុ ដោយឡែកនៅឆ្នាំ២០១៩-២០២០នេះ មានព័ត៌មានចំនួន០៩ទីតាំង សរុបចំនួន ២៧អដ្ឋិធាតុ ដែលក្នុងនោះក្រុងប៉ៃលិនមាន ៤ ទីតាំង ចំនួន ១០អដ្ឋិធាតុ និងស្រុកសាលាក្រៅមាន៥ ទីតាំង ចំនួន ១៧អដ្ឋិធាតុ។ ញ៉ឹប បូរី ប៉ៃលិន