រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល និង កាកបាទក្រហមក្រុងប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយក អំណោយ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនៅភូមិព្រៃមង្គល

  • 572
  • ដោយ poeuninfo

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី0២ ខែមករាឆ្នាំ២០២០ ឯកឧត្តម ផាន់ចាន់ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកអភិបាលក្រុងប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយសង្រ្គោះបន្ទាន់ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អំណោយដែលកាកបាទក្រហមក្រុងបានយកទៅចែកជូនដល់គ្រួសារជនរងគ្រោះនាពេលនោះ រួមមាន៖ មួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ចង្រ្កានហ្គាស១ ឆ្នាំងដាំបាយ ចានបាយ ចានស្រាក់ មុង ភួយ កន្ទេល កំសៀវ ធុងទឹកកក និងសំភារៈផ្សេងៗទៀត ព្រមទាំងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានសម្តែងក្តីសោកស្តាយ អាណិតអាសូរដល់ប្រជាពលរដ្ឋទាំង ៥គ្រួសារ ដែលទទួលរងគ្រោះដោយ​សារអគ្គីភ័យនេះ ពិសេសគឺ ប្អូនស្រី ឃុត គឹមហេន ដែលទទួលរងការខាតបង់ធំធេងជាងគេ។ ការខាតបង់ដោយអគ្គីភ័យមានទំហំធំធេងណាស់ ដូចពាក្យចាស់លោកពោលថា ”ស៊ូលិចទូកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ គឺជារឿងមួយដែលមនុស្សគ្រប់គ្នាពិបាកនឹងទទួលយកបានណាស់ ប៉ុន្តែអ្វីៗវាបានកើតឡើងរួចទៅហើយ។ ដូច្នេះបងប្អូនត្រូវតែតាំងចិត្តអោយរឹងមាំ បន្តការខិតខំប្រឹងប្រែងរកទទួលទាន ដើម្បីអនាគត ក្រុមគ្រួសាររបស់បងប្អូនបន្តទៀត ដូចពាក្យចាស់លោកពោលថា” មានព្រៃ មិនខ្លាចខ្វះអុសដុតទេ”។ ឯកឧត្តមក៏បានមានប្រសាសន៍ណែនាំអោយប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គីភ័យនេះ ដោយមុនចេញទៅណាឆ្ងាយពីផ្ទះ ត្រូវបិទគុបភ្លើងអគ្គីសនី ពន្លត់ភ្លើងធូប ភ្លើងទៀត ភ្លើងចង្ក្រាន អោយអស់ជៀសវាងគ្រោះអាក្រក់ណាមួយកើតឡើងជាយថាហេតុ។ ឯកឧត្តមក៏បានមានប្រសាសន៍ណែនាំអោយអាជ្ញាធរមូលដ្ឋានត្រូវមានការគិតគូរខ្ពស់ពីសុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហើយត្រូវរាយការមកថ្នាក់លើរបស់ខ្លួនអោយបានឆាប់រហ័ស ដើម្បីរួមគ្នាគិត ដោះស្រាយជូនប្រជាពលរដ្ឋយើងអោយបានទាន់ពេលវេលា ពិសេសត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អតាមគោលនយោបាយរបស់រាជរដ្ឋភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជា់ថា៖ ក្នុងករណីគ្រោះមហន្តរាយដោយអគ្គីភ័យខាងលើនេះ បណ្តាលអោយខូចខាតផ្ទះអស់ទាំងស្រុងចំនួន១ខ្នង ទំហំ ៨ម៉ែត្រx៥០ម៉ែត្រ, ត្រាក់ទរ័ចំនួន ១គ្រឿង,ម៉ាស៊ីនដេរសំលៀកបំពាក់ ១ឈុត, ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនបាញ់ថ្នាំ, ឈើសំរាប់ទុកសាងសង់​ផ្ទះ រួម​ទាំងរបស់ប្រើប្រាស់ជាច្រើនទៀត។ ផ្ទះ និងរបស់របរទាំងឡាយដែលបានខូចខាតដោយអគ្គីភ័យនេះ មួយភាគធំ គឺជាកម្មសិទ្ធរបស់ប្អូនស្រី ឃុត គឹមហេន ភេទស្រី អាយុ៣៧ឆ្នាំ, ដោយឡែកប្រជាពលរដ្ឋចំនួន ៤គ្រួសារទៀត គឺគ្រាប់តែជាកម្មករស្នាក់នៅផ្ទះខាងលើនេះប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋាន មូលហេតុនៃការឆេះខាងលើនេះ មិនបង្ករអោយមានមនុស្សរងរបួសនោះទេ ហើយការឆេះនេះ ក៏មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយដែរ ដោយម្ចាស់ផ្ទះ និងកម្មករមិនបាននៅទីនោះទេ នៅពេលកើតហេតុ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង