ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាលស្រុក និងមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បានអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែ ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងខេត្តប៉ៃលិន សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ, ការកសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម គឺជាការងារអទិភាពនៅនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ, ទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាលដែលកំពុងរស់នៅ និងបំរើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើងអោយរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះអោយបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូនចៅជំនាន់ក្រោយៗ របស់យើងទៀត។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការនៅគ្រប់មន្ទីរវិស័យ ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ មានការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែនេះ មានប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយបានចំណាយថវិកាសរុបប្រមាណ ៤៤,០០០ដុល្លារ ដែលជាគម្រោងថវិកាមូលនិធិឆ្នាំ ២០១៩៕ ពិនិត្យ កែសម្រួល៖ វួច ពឿន