នារាត្រីថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ នៅមុខសាលាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកជួបជុំគ្នាធ្វើពិធីសូត្រមន្ត ថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល រំលឹកនឹកគុណដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ដែលបាននិងកំពុងដឹកនាំពុទ្ធបរិស័ទទៅរកក្តីសុខចម្រើន ពិសេសដើម្បីសុំសេចក្តីសុខ សម្បូរសប្បាយ ការរីកចំរើនថ្មីៗសម្រាប់ខេត្តប៉ៃលិន ក្នុងឆ្នាំសកល២០២០នេះ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នៅឆ្នាំនេះយើងធ្វើពិធីឆ្លងឆ្នាំសកលបានអធិកអធមជាងឆ្នាំមុនៗ ដើម្បីអបអរគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសុខ សន្តិភាពពេញបរិបូរណ៍នៅទូទាំងប្រទេស បង្ករបរិយាកាសល្អដល់ការអភិវឌ្ឍ កសាងប្រទេសជាតិ អោយមានការរីកចំរើនដូចសព្វថ្ងៃនេះ។ ម៉្យាងទៀត ការរៀបចំកម្មវិធីឆ្លងឆ្នាំសកលនេះ សម្រាប់អោយប្រជាពលរដ្ឋ មន្រ្តីរាជការយើងមានការកម្សាន្តសប្បាយ អបអរសាទ័របំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២០ ក៏ដូចជាការអបអរសាទ័រនូវសមិទ្ធិផលនានាជាច្រើនដែលខេត្តប៉ៃលិនសម្រេចបាន នាពេលកន្លងមក និងត្រៀមចិត្ត ត្រៀមកាយបន្តកសាង អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍គោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល សូមទទួលបានសិរីសួស្តីក្នុងឆ្នាំថ្មីឆ្នាំ ទទួលបានសេចក្តីសុខគ្រប់ៗគ្រួសារ។
សូមបញ្ជាក់ថា៖ កម្មវិធីឆ្លងឆ្នាំសកល ២០១៩ ចូលឆ្នាំ២០២០នេះ ក៏មានការបង្ហោះគោម ការប្រគុំតន្រ្តីបុរាណ សម័យ សំរាប់អោយបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការបានរាំលេងកំសាន្តសប្បាយផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន