រសៀលថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ខេត្តដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរការសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការតែងតាំងប្រធាន និងអនុប្រធានការិយាល័យជំនាញនីមួយៗក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ លោកអភិបាលក្រុង/ស្រុក ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្តដែលជាសមាជិក សមាជិកការនៃក្រុមការងារផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពេញមួយរសៀល ដោយសមាជិក សមាជិការនៃអង្គប្រជុំបានធ្វើការពិភាក្សាពីលក្ខណៈសម្បត្តិរបស់មន្រ្តីសម្រាប់ការតែងតាំងនៅក្នុងមុខតំណែងនីមួយៗទៅតាមអតីតភាពការងារ ក្រមខ័ណ្ឌរបស់មន្រ្តី និងស្មារតីបំពេញការងាររបស់មន្រ្តីរាជការនីមួយៗ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរការសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោយកិច្ចប្រជុំនេះរួច រដ្ឋបាលក្រុង ស្រុកត្រូវកសាងតារាង”ខ” ដោយមានការបញ្ចូលឈ្មោះបុគ្គលិកក្នុងនោះ និងកំណត់ហេតុនៃកិច្ចប្រជុំគណអភិបាលសាជាថ្មី។ រដ្ឋបាលក្រុង /ស្រុក ក៏ត្រូវរៀបចំផ្លាកសញ្ញាការិយាល័យទាំង១៣នៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង/ស្រុក ហើយគូសវាសទីតាំងការងារសម្រាប់ការរិយាល័យទាំង១៣ រួចក្រុមការងារថ្នាក់ខេត្តនឹងចុះទៅជួយពិនិត្យទីតាំងការងារ និងការផ្ទេរ ប្រគល់នៃឯកសារការងារ អោយស្របទៅនឹងខ្លឹមសារនៃអនុក្រឹត១៨៤ និងត្រូវធ្វើយ៉ាងណាអោយរួចរាល់នៅរវាងថ្ងៃទី២ ឬថ្ងៃទី៣ ខែមករាយ៉ាងយូ ដើម្បីវិចខ្ចប់បញ្ជូនទៅ គ.ជ.អ.ប។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរការសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ គឺបង្ហាញភាពច្បាស់លាស់ និងតម្លាភាពសម្រាប់សមារហណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានមានប្រសាសន៍ណែនាំស្តីពីការធ្វើសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុកនេះ គឺមិនអោយបាត់បង់ផលប្រយោជន៍អ្នកចាស់ រីឯអ្នកថ្មីដែលមានសមត្ថភាពក៏ត្រូវរុញឡើងដែរ តែកុំអោយដល់ចំណុចខ្ពស់ពេក៕ ដោយ៖ វួច ពឿន