ព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមដណើដោយឯកឧត្តម ឃ្លោក នួយ និង ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត លោកស្នងការ លោកស្នងការរងនគរបាលខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ហៀក ហេងលី អាយុ ២៣ឆ្នាំ ជាមន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តប៉ៃលិន ដែលមានគ្រោះថ្នាក់ក្នុងពេលដែលចុះបំពេញភារកិច្ចថែរក្សាសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងកម្មវិធីតាំងពិរពរណ៍នៅមុខសាលាខេត្ត ហើយដែលកំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ហៀក ហេងលី មន្ត្រីនគរបាលខេត្ត ក៏ដូចជាមន្រ្តីនគរបាលទាំងអស់ ក្នុងការចូលរួមថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហ៊ានប្រឈមមុខ និងបង្រ្កាបជនល្មើសដោយភាពអង់អាក្លាហាន។ ឯកឧត្តមបានសំដែងនូវភាពសោកស្តាយចំពោះឧបហេតុដែលបណ្តាលអោយមន្រ្តីនគរបាលរងរបួសធ្ងន់បែបនេះ និងបានលើកទឹកចិត្តដល់លោក ហៀក ហេងលី ត្រូវខិតខំថែទាំសុខភាព និងទទួលការព្យាបាលអោយបានឆាប់ជាសះស្បើយឡើងវិញ។
ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានឧបត្តម្ភថវិកាដល់លោក ហៀក ហេងលី ចំនួន១លានរៀល និងថវិកាសមាគមន៏របស់ស្នងការនគរបាលខេត្តចំនួន ១លាន៥០ម៉ឺនរៀល ព្រមទាំងមានអង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ឋមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា៖ នៅយប់ថ្ងៃសៅរ៏ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង ៤០នាទីមានករណីមនុស្សស្រវឹងស្រាម្នាក់ និងមានកាំបិតនៅនឹងដៃផងនោះ បានដេញកាប់ប្រជាពលរដ្ឋនៅក្នុងបរិវេណតាំងពិពរណ៍ពាណិជ្ជកម្មនៅមុខសាលាខេត្តប៉ៃលិន។ ក្នុងហេតុការនោះ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តប៉ៃលិនបានចុះបង្រ្កាប ហើយបានប៉ះទង្គិចគ្នារវាងជនដៃដល់ និងកំលាំងនគរបាល ដែលធ្វើអោយមន្ត្រីនគរបាលម្នាក់បានទទួលរងរបួសធ្ងន់។ដោយឡែកជនបង្ករឈ្មោះ អុល ទូច (ហៅ ហឿន) ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីច្បាប់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន