ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានការប្រារព្ធមេទ្ទីងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៨៧៨-២ធ្នូ ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មការធិការគណបក្សបក្សខេត្ត និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកសមាជិការណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត មន្ត្រីរាជការ បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សាសនិកឥស្លាម សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង ៦០០នាក់។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មការធិការគណបក្សបក្សខេត្ត និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តប៉ៃលិន បានអាននូវសន្ទរកថារបស់សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានខ្លឹមសារសង្ខេបថា៖ ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប។ មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ឆ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា ហើយរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុងភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ ហើយភាពអំណោយផលខាងនយោបាយនេះ បានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។ នៅក្នុងថ្ងៃដដែលនោះដែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន ៦២នាក់ ដោយក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន