នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំប្រារព្ធខួបលើកទី៤១ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ហុក សុផល ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមានលោក-លោកស្រីជាសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនមកពីបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង សមាជិក សមាជិការសហភាពសហព័ន្ធយុវជន មកពីក្រុង/ស្រុក និងឃុំសង្កាត់ទាំង៨ ទូទាំងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។
ការប្រារព្ធខួបលើកទី៤១ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តប៉ៃលិននេះ ធ្វើឡើងដោយ គណអធិបតី សមាជិក សមាជិកានៃអង្គពិធីអញ្ជើញទស្សនាការផ្សាយផ្ទាល់ពីការប្រារព្ធខួបលើកទី៤១ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជារបស់ថ្នាក់កណ្តាលនៅរាជធានីភ្នំពេញ, ការបង្ហោះប៉េងប៉ោង និងការថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៅក្នុងខេត្តប៉ៃលិន។
តាមប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈការផ្សាយផ្ទាល់ពីរាជធានីភ្នំពេញ បានអោយដឹងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គឺជារណសិរ្សមួយ មានភាពទូលំទូលាយសំរាប់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ សហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតឡើងក្នុងគោលបំណងដូចតទៅ ទី១/ប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ទី២/ តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព និងស្មារតី ។ ទី៣/ ទំនាក់ទំនង និងសហការល្អជាមួយអង្គការ សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន សំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងលើកកម្ពស់ការអប់រំ និងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ទី៤/ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគត់ស្រស់បំព្រងរបស់យុវវ័យ។
សូមបញ្ជាក់ថា៖ ការប្រារព្ធខួបលើកទី៤១ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា គឺធ្វើឡើងនៅទូទាំង២៥ខេត្ត-ក្រុង នៃប្រទេសកម្ពុជា តាមរយៈការផ្សាយផ្ទាល់ពីការប្រា រព្វពិធីនៅរាជធានីភ្នំពេញ ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងស្តាប់ប្រសាសន៍ណែនាំរបស់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕ ពិនិត្យ កែសម្រួល៖ វួច ពឿន