ព្រឹកថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន មានបើកកិច្ចប្រជុំណែនាំ ស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសភាពពាណិជ្ជកម្មខេត្តប៉ៃលិន ដែលិកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមានគណប្រតិភូក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃមន្ទីរពាណិជ្ជកម្ម និងលោក-លោកស្រីបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត សរុបជាង៣០រូប។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្រោយពីរាជ រដ្ឋាភិបាលបានបំបែកសភាពាណិជ្ជកម្មខេត្តប៉ៃលិន ចេញពីខេត្តបាត់ដំបង, រដ្ឋបាលខេត្តប៉ៃលិនត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តដោយខ្លួនឯង ក្រោមការផ្ដល់បច្ចេកទេសពីក្រសួងពាណិជ្ជកម្ម ដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសេនាធិការ។ ជាក់ស្តែងនៅពេលនេះរដ្ឋបាលខេត្ត បានរៀបចំបង្កើតគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ដើម្បីផ្តល់ឱកាសអោយពាណិជ្ជករ អាជីវករ ឧស្សាហករ បានចូលរួមបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មរបស់ខ្លួន សំរាប់បន្តដឹកនាំការធ្វើពាណិជ្ជកម្មរបស់ខ្លួនអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ណែនាំពីនីតិវិធី គោលការណ៍នៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដើម្បីអោយការបោះឆ្នោតនេះមានតម្លាភាព និងមានភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់សភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សភាពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម អោយកាន់តែមានភាពរីកចម្រើន។ ពិសេសបានជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជា ផ្តល់ឱកាសការងារអោយ យុវជនមានការងារធ្វើ ផងដែរ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានស្នើរអោយអាជ្ញារធរខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវចូលរួមជាសាក្សី និងកម្លាំងចិត្តដល់បេក្ខជនឈរឈ្មោះទាំងអស់ ជាពិសេសសមត្ថកិច្ច ជំនាញត្រូវជួយថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ ក្នុងបរិវេណមណ្ឌលបោះឆ្នោត ។
សូមបញ្ជាក់ថា៖ បើតាមលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានអោយដឹងថា៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិនទាំងអស់ មានចំនួន ១៧រូប និងមានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ២៤៤នាក់។ សម្រាប់ពេលវេលានៃការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តប៉ៃលិន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខេត្តចាប់ពីវេលាម៉ោង ៨ ព្រឹក រហូត ដល់ ម៉ោង ៣រសៀល ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន