កាលពីវេលាម៉ោង១៨ និង ៣០នាទីព្រលប់ ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដកែឆ្នៃបុកជាមួយម៉ូតូ នៅចំណុចអូរត្រែង ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបណ្តាលអោយយុវជនម្នាក់ឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដេកស្លាប់នៅនឹងកន្លែងកើតហេតុ។
ដោយយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា៖ យានបង្ករទាំងពីរបានបើកច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវទាំងរថយន្ត និងម៉ូតូ ធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ ទើបបណ្ដាលកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
អ្នកបើករថយន្ដកែឆ្នៃឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ធន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកទាំងពីរគ្មានរងរបួសទេ។ ដោយឡែកអ្នកបើកបរម៉ូតូ ម៉ាកHonda Dream C125 សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន 1A-3161 មានឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ករណីខាងលើកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការវាស់វែង រួចយករថយន្ដ និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយ៖ វួច ពឿន