រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញប្រគេនបច្ច័យចំនួន ២០លានរៀល ដល់ចៅអធិការវត្តសុវណ្ណគីរីគង្គា សំរាប់កសាងក្លោងទ្វារ

  • 524
  • ដោយ poeuninfo

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ បាននាំយកបច្ច័យចំនួន២០លានរៀល ទៅប្រគេនជូនដល់ព្រះគ្រូ អាន សំណាង ចៅអធិការវត្តសុវណ្ណគីរីគង្គា ហៅវត្តទឹកផុស ដែលស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីកសាងក្លោងទ្វាវត្ត។

            មានប្រសាសន៍សំណេះសំណាលនាឱកានោះ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ ការប្រគេនថវិកាសំរាប់តំកល់ទុកកសាងក្លោងទ្វារវត្តនាពេលនេះ គឺជាការរួមចំណែករបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ អោយបន្តមានការរីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការកសាង ការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយមានការរីកចំរើន។ ក្រៅពីការកសាងសមិទ្ធិផលដ៏ច្រើនក្នុងសង្គម ដូចជា សំណង់វត្តអារាម សាលារៀន បណ្ណាល័យស្រាវជ្រាវ ជាដើម , ព្រះពុទ្ធសាសនាបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សប្របកដោយគុណភាព ប្រសិទ្ធភាព សំរាប់សង្គមជាតិ ។ ព្រះធម៌របស់ព្រះសម្មា​សម្ពុទ្ធ បានជួយអោយពុទ្ធបរិស័ទទាំងឡាយបានភ្លឺស្វាងក្នុងជីវិត ប្រាស់ចាកពីការប្រព្រឹត្តអំពើអាក្រក់ ងាកមកធ្វើអំពើល្អ ជាបុណ្យកុសលដែលជាមូលដ្ឋាននៃ សុខ សន្តិភាពក្នុងសង្គម។ ក្រៅពីនោះ ព្រះពុទ្ធសាសនាគឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ប្រពៃណីដ៏ផូផង់របស់ជាតិខ្មែរយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់លើការកសាង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដោយមកដល់ពេលនេះមានវត្តអារាម​សរុបចំនួន ៤៨៧២វត្តត្រូវបានកសាងនៅទូទាំងប្រទេស និងមាន​ព្រះសង្ឃ ចំនួន៦៩, ១៩៩ អង្គកំពុងបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា។

          សូមបញ្ជាក់ថា៖ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ប្រគេនបច្ច័យនៅពេលនេះជាលើកទី១ ដែលមានចំនួន២០លានរៀល  ដើម្បីកសាងក្លោងទ្វាវត្តជាជាជំហ៊ានដំបូង ហើយនៅពេលកសាងបាន៦០%នៃផែណការ  ឯកឧត្តម អភិបាលខេត្តនឹងបន្តប្រគេនបច្ច័យចំនួន២០លានរៀលបន្ថែមទៀត សរុបទាំងអស់ចំនួន៤០លានរៀន៕

 ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង