រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរអភិវឌ្ឍន៍ខេត្តប៉ៃលិន ប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ឆ្នាំ២០១៩ ក្រោមប្រធានបទ” អនាម័យសម្រាប់ទាំងអស់គ្នា”

  • 730
  • ដោយ poeuninfo

ថ្ងៃសុក្រ ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ឆ្នាំ២០១៩ ក្រោមប្រធានបទ" អនាម័យសម្រាប់ទាំងអស់គ្នា"។ ទិវានេះបានធ្វើឡើងនៅក្នុងបរិវេណវត្តភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក ប្រធាន អនុប្រធានមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងសិស្សា នុសិស្សជាច្រើននាក់ផងដែរ ។

បន្ទាប់ពីអានសាលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដោយបានលើកឡើងថា៖ ការរៀបចំប្រារព្ធទិវាអនាម័យជនបទនាពេលនេះ ក្នុងគោលបំណងបន្តជម្រុញ និងផ្សព្វផ្សាយ បំផុសការយល់ដឹងបន្ថែមទៀត ពីសារ:សំខាន់នៃការធ្វើអនាម័យក្នុងរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានសំខាន់មួយ នៃការលើកកំពស់សុខុមាលភាព និងសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បន្តថា ការរស់នៅដោយមានអនាម័យ គឺជាកត្តាចាំបាច់សម្រាប់មនុស្សគ្រប់រូប ដើម្បីសុខភាពល្អ ជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។ ក្បួនអនាម័យទាំងនោះ រួមមាន៖ ការហូបស្អាត ពិសារទឹកឆ្អិន ការលាងសម្អាតដៃនឹងសាប៊ូ ការបន្ទោបង់ក្នុបង្គន់អនាម័យ ការសម្អាតបរិស្ថានជំុវិញផ្ទះ ការសម្រាក សម្រានក្នុងមុងជាដើម។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជាពិសេសមន្ទីរអភិវឌ្ឍនជនបទ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ បំផុសការយល់ដឹង អំពីអនាម័យជនបទ ជាពិសេសនៅតំបន់ទីជនបទដាច់ស្រយ៉ាល។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវថែរក្សាសុខភាពអោយបានល្អ ព្រោះរដូវរងារចាប់ផ្តើមមកដល់ជាបណ្តើរៗហើយ  ជាពិសេសត្រូវថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ចំណែកការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ នេះគឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ បើទោះបីជាទឹកនៅតាមបណ្តាអាង និងអូរធម្មជាតិនៅមានច្រើនក៏ដោយ គឺយើងគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំទៀតក្រៅពីដំណាំស្រូវ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិឌ្ឍនជនបទខេត្តបានដឹងថា  ផែនការយុទ្ធសាស្រ្តជាតិស្តីពី វិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ បានកំណត់គោលដៅ៦០%  និងផែនការសកម្មភាពជាតិ និងខេត្តដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ បានកំណត់គោលដៅ៩០% ។ ដោយឡែកខេត្តប៉ៃលិន គិតមកដល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន១១,៩០២ខ្នងផ្ទះ មានបង្គន់អនាម័យកែលម្អប្រើប្រាស់ស្មើ ៦៩% បើធៀបនឹងឆ្នាំ២០១៨ គឺកើនឡើងបានចំនួន ១,៤២៧ខ្នងផ្ទះ ស្មើ ៨%៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង