នៅសាលាខេត្តប៉ៃលិន, នាព្រឹកអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំថ្នាក់ក្រុង/ស្រុក ដើម្បីប្រសិទ្ធភាពការងារថ្នាក់ក្រោមជាតិកាន់តែល្អប្រសើរ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បច្ចុប្បន្នការបណ្តុះបណ្តាលពិតជាមានសារះសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពការងារអោយកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរ ជាពិសេសការអនុវត្តការងាររដ្ឋបាលទូទៅក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋអោយបានល្អ។ ឯកឧត្តមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេលបីថ្ងៃនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យើង ជាថ្នាក់ដឹកនាំ និងជាមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះវគ្គនេះមានគោលបំណងធ្វើអោយថ្នាក់ដឹកនាំជាស្ដ្រី និងមន្ត្រីរដ្ឋបាលក្រុង/ស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ចាត់ចែងកិច្ចការផ្សេងៗរបស់រដ្ឋបាលក្រុង/ស្រុក ឱ្យបានល្អប្រសើរ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្លួនអោយមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា៖ ដើម្បីអនុវត្តការងារអោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាថ្នាក់ដឹកនាំត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះជនដែលងាយរងគ្រោះរួមមាន៖ ស្ដ្រី កុមារ ជនពិការ ចាស់ជរា ជនចំណាកស្រុក ជនជាតិដើមភាគតិច អ្នកសេពគ្រឿងញៀន អ្នកផ្ទុកមេរោគអេដស៍ ប្រជាពលរដ្ឋ ក្រីក្រជាដើម។ ត្រូវធ្វើការសម្រេចចិត្តផ្តល់កិច្ចអន្តរាគមន៍ និងជួយគាំទ្រដល់ពួកគាត់ក្នុងរយៈពេលខ្លី និង រៀបចំផែនការដោះស្រាយជូនពួកគាត់សម្រាប់រយៈពេលវែង ដើម្បីអោយសមស្របអ្នកបម្រើសេវាជូនប្រជាពលរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តម ធូ ភា ក៏បានផ្តាំផ្ញើរអោយសិក្ខាកាមទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំស្វែងយល់ និងក្រេបជញ្ជក់អំពីខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះអោយបានស៊ីជម្រៅ ពេលត្រឡប់ទៅអង្គភាពរបស់ខ្លួនវិញត្រូវផ្សព្វផ្សាយបន្ត និង សហការអនុវត្តតាមខ្លឹមសារក្នុងការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនសកម្មភាព និងថវិកា និង ដោះស្រាយបញ្ហាផ្សេងៗទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល ពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំថ្នាក់ក្រុង ស្រុក សម្រាប់រដ្ឋបាលក្រុង-ស្រុកនេះមានរយះពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមជាថ្នាក់ដឹកនាំក្រុង ស្រុក និងមន្ត្រីពាក់ពាក់ព័ន្ធមួយចំនួនទៀតចូលរួម ដែលសិក្ខាសាលារៀបចំដោយរដ្ឋបាលខេត្តប៉ៃលិន និងក្រោមការសម្របសម្រួលរបស់ការិយាល័យកសាងសមត្ថភាព និងមន្ទីរកិច្ចការនារី លើប្រធានបទស្ដីពី ការពង្រឹងសមត្ថភាពដល់ស្ដ្រីជាថ្នាក់ដឹកនាំនៅថ្នាក់ ក្រុង/ស្រុក៕ ពិនិត្យ កែសម្រួល៖ វួច ពឿន