រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ជួបសំណេះសំណាល ពិភាក្សា ការងារ

  • 488
  • ដោយ poeuninfo

ថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តប៉ៃលិន បានជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំងពីរ អោយបានកាន់តែល្អប្រសើបន្ថែមទៀត។ កិច្ចប្រជុំសំណេះសំណាលនេះ បានធ្វើឡើងនៅនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំដែរ ខេត្តប៉ៃលិន ដែលភាគីខេត្តប៉ៃលិនដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងព្រមទាំងលោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធ ទាំង៣ស្ថាប័ន។ ចំណែកខាងភាគីថៃមានឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធថៃផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តចាន់បុរី ដែលតែងតែបានសហការល្អជាមួយភាគីខេត្តប៉ៃលិន លើវិស័យពាណិជ្ជកម្ម បញ្ហាពលករចំណាកស្រុក និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។ ពិសេសសូមថ្លែងអំណគុណដល់ភាគីប្រទេសថៃ ដែលបានសហការអនុវត្តតាមសំណើររបស់ភាគីប្រទេសកម្ពុជាក្នុងការទប់ស្កាត់ក្រុមក្បត់ជាតិ សម រង្ស៊ី មិនអោយប្រើប្រាស់ទឹកដីប្រទេសថៃចូលមកបំផ្លាញសុខ សន្តិភាពនៅប្រទេសកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់សមភាគីថៃ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជាបន្តទៀត ពិសេសលើការងារពន្លឿនការកសាងស្ពានឆ្លងព្រំដែន, បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ និងជួយសម្រួលដល់ការនាំចេញស្វាយកែវល្មៀត និងផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសថៃអោយបានកាន់ងាយស្រួល និងមានភាពល្អប្រសើរជាងមុនផងដែរ។

ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំងពីរ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់អាជ្ញាធរខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត។ ឯកឧត្តម អភិបាលខេត្តចាន់បុរី ក៍បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើអោយផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង