នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅបរិវេណវិមានឯករាជ្យ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៦ ( ៩វិច្ឆិកា ១៩៥៣,៩វិច្ឆិកា២០១៩ )និងទិវាខួបកំណើតកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ ដែលប្រទេសកម្ពុជាយើង ទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង ។ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩នេះ ប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម សេនីយ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណះអភិបាលខេត្តប៉ៃលិនបានអាននូវជីវប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរះក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលព្រះអង្គបានទាមទារឯករាជពីអាណានិគមនិយមបារាំងសេស បានទាំងស្រុងជូនជាតិមាតុភូមិ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ឯកឧត្តបន្តថា ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោពលខេមរភូមិន្ទដែលយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ទិវានេះធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសុខ សន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តម ចេង ញ៉ាន់ បានសំដែងនូវការដឹងគុណចំពោះ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានទាមទាឯករាជ្យជូនជាតិមាតុភូមិរហូតដល់សព្វថ្ងៃនេះ និងសូមគោរពដឹងគុណចំពោះបងប្អូនយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាទាំងកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហារបស់យើង។ ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ចាក់ផងដែរថា៖ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៥ និង ឆ្នាំ ១៩៩៦ តាម រយៈនយោបាយនេះ បានធ្វើឱ្យរលំរលាយទាំងស្រុងនូវ អង្គការចាត់ តាំងនយោបាយរបស់កម្លាំងខ្មែរក្រហម ដែលក្នុងនោះខេត្តប៉ៃលិនយើង ក៏ត្រូវបាន ប្រវត្តិសាស្ត្រកត់ត្រាថាជាចំណុចផ្តើមនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងនាំមកនូវសន្តិភាពជូនប្រទេសជាតិទាំងមូលដល់សព្វថ្ងៃនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ថ្ងៃនេះគឺជាថ្ងៃមោទនភាពរបស់ប្រជាជាតិខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នាបានរួមចិត្តរួមថ្លើមប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពលខេមភូមិមិន្ទឆ្នាំ២០១៩ផងដែរ។ ឯកឧត្តមថ្លែងបន្តថា៖ សំរាប់ខេត្តប៉ៃលិនមានមោទនភាពចំពោះស្មារតីមហាសាមគ្គី ដែលយើងទាំងអស់គ្នាបានរួមគ្នា កសាងវិមានឯករាជ្យជាតិ ដែលបានផុសចេញឡើងមកនេះ ដោយសារតែឆន្ទះ នៃស្មារតីមហាសាមគ្គីរបស់ប្រជាជនខេត្តប៉ៃលិនយើង។ ដូច្នេះយើងជួបជុំគ្នាពេលនេះចំពោះមុខវិមានឯករាជ្យ តំណាងអោយឯករាជ្យជាតិខ្មែរជាស្នាមព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរះក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ព្រះបិតាឯករាជជាតិខ្មែរ គឺដើម្បីបង្ហាញពីទឹកចិត្តដឹងគុណ ភក្តីភាព និងការប្តេជា្ញចិត្តការពារដាច់ខាតនូវរបបរាជានិយម។ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ ចំពោះគុណូបការះដ៏មហាធំធេងរបស់ព្រះមហាវីរះក្សត្រព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដជាទីគោរពជាទីសការះនៃយើង ជាពិសេសយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាដើម្បីថែរក្សាសុខសន្តិភាពអោយបានយូអង្វែង ព្រមទាំងរួមគ្នាទប់ស្កាត់នូវឧបាយកលរបស់ជនក្បត់ជាតិដែលចង់ផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានដាក់ក្រោនកម្រងផ្កា ដុតទៀនជ័យ និងបានធ្វើការបង្ហោះប៉េងប៉ោងដែលជានិមិត្តរូបនៃការទទួលបានឯករាជ្យជាតិយើងផងដែរ។
ក្នុងព្រឹកថ្ងៃដដែលនោះដែរ រដ្ឋបាលខេត្តប៉ៃលិនក៏បានរៀបចំពិធីពិសាអំបុកសាមគ្គី ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» នៅសាលាខេត្តប៉ៃលិន ដែលមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងដោយទឹកមុខញញឹមស្រស់ថ្លាសប្បាយរីករាយគ្រប់ៗគ្នាផងដែរ។