រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិនរដូវប្រាំងលើកទី១ ដំណាក់កាលទី ១៩ ចំនួន ៦អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ដែលពិធីនេះធ្វើនៅវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរ ហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកវរៈសេនីយ៍ឯក ត្រឹង ជីកុង ប្រធានក្រុមការងារអង្គភាព k73 ចំណុះយោធភូមិភាគទី៧ ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K73 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍ អដិ្ឋធាតុកងទ័ពវៀតណាមដោយទទួលបានលទ្ធផលល្អ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅខេត្តប៉ៃលិន ដំណាក់ កាលទី១៩ នេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន ជាមួយខេត្តឡុងអាន ដោយមានផែនការរុករកអដ្ឋិធាតុចំនួន ២៩ព័ត៌មាននិងក្រុងប៉ៃលិនមានចំនួន ១០ព័ត៌មាន និងស្រុកសាលាក្រៅមានចំនួន ១៩ព័ត៌មានថ្មីផងដែរ ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការចូលរួមស្វែងរុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និង ជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើងឱ្យមានសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការ ស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិនដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។
គួរបញ្ជាក់ផងដែរថា៖ បើតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក ទោ គឹមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន បានឱ្យដឹងថា៖ កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តន៍វៀតណាម ខេត្តឡុងអាន និងខេត្តប៉ៃលិន បានស្វែងរុក រកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានចំនួន ៩២អដ្ឋិធាតុ ហើយនៅ ដំណាក់កាលទី១៨ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន០៧អដ្ឋិធាតុ ហើយសម្រាប់រដូវប្រាំង ដំណាក់កាលទី១៩ បានរកឃើញចំនួន ០៦អដ្ឋិធាតុ បន្ថែមទៀត ក្នុងចំនួន ២៩ព័ត៌មាននៅខេត្តប៉ៃលិន ក្នុងនោះក្រុងប៉ៃលិនមានចំនួន ១០ព័ត៌មាន និងស្រុកសាលាក្រៅមានចំនួន ១៩ព័ត៌មាន ដើម្បីធ្វើមាតុនិវត្តន៍ ទៅប្រទេសកំណើតវិញ។