មានប្រសាសន៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកសុក្រ ៤កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ដោយសារយើងមានសុខ សន្តិភាព ទើបយើងមានឱកាសនៃការសិក្សា ក្រេបយកនូវចំណេះ ជំនាញសំរាប់អភិវឌ្ឍន៍ជីវភាពក្នុងក្រុមគ្រួសារ និងប្រទេសជាតិអោយមានការរីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបាននូវសុខ សន្តិភាពពេញបរិបូរណ៍ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអទិភាពដ៏សំខាន់មួយ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងសាលារៀនតាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយ៉ាល, តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា ដែលបើកផ្លូវអោយកុលបុត្រខ្មែរគ្រប់រូបបានចូលសិក្សា រៀតសូត្រ ក្រេបយកនូវចំណេះវិជ្ជា ជំនាញបច្ចេកទេសប្រកបដោយគុណភាព សមត្ថភាព សំរាប់បន្តចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិរបស់យើងអោយបន្តរីកចំរើនបន្ថែមទៀត។ ដូច្នេះ យើងត្រូវចូលរួមថែរក្សានូវសុខ សន្តិភាព ដែលថ្នក់ដឹកនាំ កងកំលាំងបរដាប់អាវុធ លោកឪពុក អ្នកម្តាយ ប្រជាពលរដ្ឋយើងទាំងអស់ ប្រឹងប្រែងរកបានដោយលំបាក សំរាប់បន្សល់ទុកអោយពួកយើងរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមក៍បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះស្រសាញ់ ផ្តល់តម្លៃអោយខ្លួនឯង ស្រលាញ់ឪពុកម្តាយ និងសង្គមជាតិរបស់ខ្លួន ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៏ ជៀសវាងនូវអំពើពាលាផ្សេងៗ ពិសេសត្រូវខិតខំសិក្សារៀនសូត្រ យកចំណាត់ថ្នាក់ល្អគ្រប់ៗគ្នា។ មាតាបិតា អាណាព្យាបាលទាំងឡាយ ក៏ដូចជា សហគមន៏ អាជ្ញាធរដែនដី ត្រូវតាមដានជំរុញការរៀនសូត្ររបស់កូនចៅ ដោយកុំសំអាងតែលោកគ្រូ អ្នកគ្រូនៅឯសាសា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៤៨នាក់ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល, សិស្សានុសិស្សចំនួន ៨៨៤នាក់ ក្នុងម្នាក់ៗ សៀវភៅ១ និង ក្បាល ប៊ិច១ដើមផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន