ព្រឹកថ្ងៃ ព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន ចាន់ធុល អភិបាលខេត្តប៉ៃលិនបាន អញ្ជើញជាគណធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។ ពិធីនេះដែរ ក៍មានចូលរួមពីសំណាក់លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកអភិបាលក្រុង កងកំលាំងប្រដាប់អាវុធ ចៅសង្កាត់ លោកនាយក នាយរង លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជាក់ថា៖ ក្នុង ឆ្នាំសិក្សា២០១៨-២០១៩ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិស្មើនឹង៨៧,៥៥%។ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្មើរនឹង៥៨,៩០% និងសិស្សឆ្លងភូមិសិក្សាពីបឋមសិក្សាទៅធម្យមសិក្សាបឋមភូមិ ស្មើរនឹង៩០,៤៥%។ អនុវត្តន៍តាមកម្មវិធីសិក្សាសម្រេចបាន៩៧%។ លោកបានបន្តថា៖ សំរាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ នេះ គ្រឹះស្ថានសិក្សានៅទូទាំងខេត្តប៉ៃលិន មាន៖ ១/ មធ្យមសិក្សាចំនួន ០៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន០២កន្លែង និងអនុវិទ្យាល័យចំនួន០៧កន្លែង , មានសិស្សសរុប៤៩៦៣នាក់ ស្រី ២៦៥៦នាក់។ ២/ មត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុប១០៦១នាក់ ស្រី៥៤៥នាក់។ ៣/ មត្តេយ្យសហគមន៍ចំនួន ១១កន្លែង មានសិស្សសរុប២៦៦នាក់ ស្រី១៣៦នាក់។ ៤/មត្តេយ្យសិក្សាឯកជនមានចំនួន ០៩សាលា ដែលមានសិស្សសរុប ៧១៨នាក់ ស្រី ៣៣៥នាក់។ ៥/បឋមសិក្សាឯកជនមានចំនួន ១២សាលាដែលមានសិស្សសរុប ២២៤៩នាក់ ស្រី១០៩៤នាក់។ សិស្សមត្តេយ្យចូលថ្មីចំនួន ៦១២នាក់ ស្រី៣១៧នាក់ និងសិស្សថ្មីគ្រប់អាយុ ០៦ឆ្នាំ ចុះឈ្មោះចូលរៀនចំនួន ៩៦០នាក់, ស្រី៤៥០នាក់។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានកសាងសាលារៀននៅគ្រប់ កំរិត ចាប់ពីទីប្រជុំជន រហូតដល់មូលដ្ឋានជនបទ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សំរាប់បន្តវេនពីមនុស្សចាស់ ក្នុងការជំរុញការកសាង អភិវឌ្ឍប្រទេសអោយបានរីកចំរើនបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងសមត្ថភាព បច្ចេកទេសរបស់ខ្លួន ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់ស៊ីជំរៅលើវិស័យអប់រំ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះស្រសាញ់ ផ្តល់តម្លៃអោយខ្លួនឯង ស្រលាញ់ឪពុកម្តាយ និងសង្គមជាតិរបស់ខ្លួន ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៏ ជៀសវាងនូវអំពើពាលាផ្សេងៗ ពិសេសត្រូវខិតខំសិក្សារៀនសូត្រ យកចំណាត់ថ្នាក់ល្អគ្រប់ៗគ្នា។ មាតាបិតា អាណាព្យាបាលទាំងឡាយ ក៏ដូចជា សហគមន៏ អាជ្ញាធរដែនដី ត្រូវតាមដានជំរុញការរៀនសូត្ររបស់កូនចៅ ដោយកុំសំអាងតែលោកគ្រូ អ្នកគ្រូនៅឯសាសា។
ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជូនរង្វាន់ដល់សិស្ស ទទួលជ័យលាភី ថ្នាក់ជាតិមួយរួប ឈ្មោះ ហេង សូនីតា ដោយទទួលបានពានមួយ ប័ណ្ណសសើរមួយ ថវិកា២០ម៉ឺនរៀល សៀវភៅ២០ក្បាល និងប៊ិច ២០ដើម។ ដោយឡែក លោកគ្រូ អ្នកគ្រូចំនួន ១២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងសារុង១, សិស្សានុសិស្សចំនួន២០២១នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ១ក្បាល និងប៊ិកច ១ដើម៕ ពិនិត្យ កែសម្រួល៖ វួច ពឿន