(ប៉ៃលិន)៖ នារសៀលថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម ផាន ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាទសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន។ ក្នុងឱកាសបិទមហាសន្និបាទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានអនុប្រធានមន្ទីរ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សរុប ៨៨ នាក់។
បន្ទាប់ពីលោក នួន ចាន់ធីរ៉ា ជាលេខាធិការកត់ត្រាក្នុងមហាសន្និបាតបានអានរបាយការបូកសរុបលទ្ធផលមហាសន្និបាតរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ រួចមក លោក លឹម សំបូ ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ថ្មី ក៍បានឡើង ប្តេជ្ញាចិត្តនិងខិតប្រឹងប្រែងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនអោយបានល្អ ដើម្បីកសាងពង្រឹងអង្គភាពសមាគម អោយមានការរីកចំរើនក្នុងការជំរុញនិងផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា សំដៅលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ និងជាពិសេសបង្កើតកិច្ចសហការគ្រប់អង្គភាពស្ថាប័នរដ្ឋ និង ឯកជន ព្រមទាំងអង្គការផ្សេងៗ ដើម្បីជាស្នូលសំរាប់ដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ផាន ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖មហាសន្និបាទដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការបន្តនូវចីរភាពអង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងនិងសហវិជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តមមានប្រសាសន៍បន្តថា ៖សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់មូលដ្ឋានទាំងអស់ត្រូវខិតខំបន្តចូលរួមអភិវឌ្ឍគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិ បត្តិដើម្បីធានានៃការពេញចិត្តនៃសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រងដឹកនាំបំពេញមុខងារនិងការទទួលខុសត្រូវខ្ពស់។ទន្ទឹមត្រូវចាយវាយថវិកាអោយចំគោលដៅផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីសមាគមរបស់ខ្លួនអោយយល់កាន់ច្បាស់ សំរាប់អោយបងប្អូនពឹងពាក់ ដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
សូមបញ្ជាក់ថា៖ មហាសន្និបាតរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុកឃុំ សង្កាត់ នៅក្នុងខេត្តប៉ៃលិន បានដំណើរការអស់រយៈពេលពេញមួយថ្ងៃកន្លងមក។ មហាសន្និបាតក៍បានជ្រើសរើសបេក្ខជនចំនួន ៧នាក់ ដើម្បីឈឈ្មោះជាប្រធានអនុប្រធានគណៈកម្មការសមាគមន ក្នុងនោះលោក លឹម សំបូរ ត្រូវបានអង្គសន្និបាតបោះឆ្នោតជាប្រធាន និងចំពោះបេក្ខជនចំនួន០៦ នាក់ទៀត ជាអនុប្រធាន ដើម្បីដឹកនាំសមាគមន៍អាណិត្តិថ្មីនេះ។