រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនណែនាំអោយ មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈសម្បត្តិអោយបានល្អសំរាប់ការរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

  • 657
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងពិធីកិច្ចប្រជុំប្រជុំត្រៀម​រៀបចំផែន​ការប្រារព្ធពិធី​បុណ្យជាតិ ៩វិច្ឆិកា ឆ្នាំ​​២០១៩​ និងការរចនា​និមិត្តសញ្ញា សំរាប់សំគាល់ខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯក​ឧត្តម ផាន់ ចាន់ធុល ​អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរា​ជ​ការ និងកងកំលាងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការ​អនុវត្តផែនការការងារដែលបានដាក់ចេញអោយមានប្រសិទ្ធភាព មានភាពអធិកអធម ឧត្តុង្គឧត្តម សំរាប់ការរៀបចំប្រារព្ធពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣- ៩វិច្ឆិកា២០១៩ និង ពិធីបុណ្យកំណើតកងយុទ្ធពលខេមរភូមិន្ទនាពេលខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ត្រូវរូតរាស់អោយទាន់ពេលវេលា និងឈរទៅតាមផែនដែលបានរៀបចំទុក ដោយមានសណ្តាប់ធ្នាប់ ជាមួយឯកសណ្ឋាន ឋានន្តរស័ក មេដាយការងារដែលខ្លួនទទួលបានកន្លងមក និងពោរពេញដោយស្នាមញញឹម និងភាពខ្លៀវក្លា។ កងកំលាំងមានសមត្ថកិច្ចគ្រប់ផ្នែក ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អជាទីបំផុត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖​ ការប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើត​នៃ​កងយោធ​ពល​​​ខេមភូមិមិន្ទពិតជាមានសារៈសំខាន់ណាស់ ​ ក្នុងការរំលឹកដល់សមិទ្ធិផល និងជាស្នាមព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរៈក្សត្រ ព្រះ​បាទ​​​​​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣, បានបង្កើតឡើងនូវកងយុទ្ធពលខេមរភូមិន្ទដ៏ក្លាហានរបស់ប្រជាជាតិខ្មែរ និងបានកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំសូមអោយគ្រប់មន្ទីរ អង្គភាព សហគ្រាស ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារត្រូវចងទង់ជាតិ បដាពាក្យស្លោក និងដាក់ភ្លើងលំអអោយបានព្រោងព្រាត សំរាប់អបអសាទរនូវពិធីបុណ្យដ៏មានន័យខ្លឹមសារជាប្រវត្តសាស្រ្តរបស់ប្រជាជាតិខ្មែរយើង។ ជាមួយគ្នានេះដែរ បន្ទាប់ពីបញ្ចាប់កម្មវិធីបុណ្យ សូមអោយថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវ​ចូល​រួម​​​ពិសារអំបុកខ្មែរ អំបុកសាមគ្គីភាព ឯកភាពជាតិ នៅទីតាំងខាងមុខសាលាខេត្ត​ប៉ៃលិនទាំងអស់គ្នា​។  ទាក់ទងទៅនឹងការរចនានិម្មិតសញ្ញាតំណាងអោយខេត្តប៉ៃលិន, ឯកឧត្តម ផាន់ ចាន់ធុល បាន​ណែនាំ​ដល់ក្រុម​ការងារ ត្រូវសំរិតសំរាំងអោយបានស្អាត និងយកខ្លឹមសារ ទៅតាមប្រវត្តិសាស្រ្តរបស់ខេត្តប៉ៃលិន ដែល​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ​ បានកត់ត្រា ចងក្រងទុក៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង