ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានធ្វើពិធីប្រកាសជាផ្លូវការ ដើម្បីបំពេញរចនាសម្ព័ន្ធនៃក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន។ ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានអនុប្រធានមន្ទីរជំនាញ កងកំលាំងគ្រប់លំដាប់ថ្នាក់ និង មេឃុំចៅសង្កាត់ ផងដែរ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានអានសេចក្តីសម្រេចរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានសម្រេចបែងចែកតួនាទី ភារៈកិច្ចដល់ ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាលាក្រៅ និងមាន ឯកឧត្តម ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម កើត មៀច អនុរដ្ឋលេខាក្រសួងសុខាភិបាល ជាអនុប្រធាន ព្រមទាំងមានលោកជំទាវជាអនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា មកពី បណ្តាក្រសួង ស្ថាប័ននានាជាសមាជិក។
ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដើម្បីគាំទ្រ និង រួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាកទី០៤, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី០៦នៃរដ្ឋសភា , រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយ ប្រកបដោយប្រសិទ្ធិភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ទៅតាមតួនាទី ភារកិច្ច ក្នុងការលើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អោយខិតខំផ្តល់សេវា, ការអភិវឌ្ឍន៍មូលដ្ឋាន, ការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន អោយបានត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ មានប្រសិទ្ធិភាព។ ដូច្នេះសមាជិកក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សហការបង្កើនការដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋទៅតាមតួនាទី ភារៈកិច្ចរបស់ខ្លួន ក្នុងឃុំទាំងអស់ក្នុងស្រុកសាលាក្រៅ អោយបានទាន់ពេលវេលា ស្របតាមច្បាប់គតិយុទ្ធ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេស ជំរុញដល់អាជ្ញាធរឃុំ ភូមិទាំងអស់ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងបន្តគាំទ្រសហការ អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ អោយមានប្រសិទ្ធិភាព និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយខិតខំទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមាននៅតាមមូលដ្ឋាន មានដូចជា៖ ល្បែងស៊ីសង ចោរលួចចោរប្លន់ គ្រឿងញៀន បញ្ហាទំនាស់ដីធ្លី កាប់បំផ្លាញ់ព្រៃឈើធនធានធម្មជាតិ បញ្ហាកសិផលប្រជាពលរដ្ឋ ជាដើម ឆ្លើយតបការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាកទី០៤ រួមចំណែកសម្រេចអោយបាននូវសមិទ្ធផលជាច្រើន ជាពិសេសការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដោយបានផ្តល់ការលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន