នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤ អាណត្តិទី០៣របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញទី០៣។ ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៩។ ពិនិត្យនិងអនុម័តសេចក្តីថ្លែងហេតុ ស្តីពីការស្នើរសុំ អនុម័តប្រតិទិនដំណើរការរៀបចំការកសាងផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ សម្រាប់២០២០ ដល់ឆ្នាំ២០២៤ និងការស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងខេត្តប៉ៃលិន សំរាប់ដោះស្រាយអោយបានល្អប្រសើ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និង មានការអញ្ជើញចូលរួម ពីសំណាក់ អភិបាលរងខេត្ត អភិបាល ក្រុង-ស្រុក ប្រធាន- អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ ព្រមទាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ផងដែរ។
បញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងអង្គប្រជុំនាពេលនោះមាន ៖ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួនមានការយឺតយ៉ាវ។ ទី២/ បញ្ហាទឹកស្អាតនៅតែមិនទាន់មានគុណភាពល្អ។ ទី៤/បញ្ហាគណៈកម្មាការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ មិនទាន់មានកញ្ចប់ថវិកា។ ទី០៥/បញ្ហារបាយការណ៍ភូមិ ឃុំមានសុវត្ថិភាព មិនបានដាក់ក្នុងរបាយការណ៍អោយក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។ ទី០៦/ផ្លូវពិបាកធ្វើដំណើរត្រង់ចំនុចចាប់ពីមុខមន្ទីរគណបក្សខេត្ត រហូតដល់ចំនុចវត្តប៉ាហ៊ី។ ទី០៦/បញ្ហាពេលមានគ្រោះថ្នាក់ចរាចរណ៍ ឬប្រជាពលរដ្ឋមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឡានពេទ្យជួយ សង្គ្រោះមិនបានទាន់ពេលវេលា។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ ជំរុញដល់មន្ទីរ អង្គភាព ដែលជាប់ពាក់ព័ន្ធទាំងអស់ ប្រឹងប្រែងដោះស្រាយអោយបានជាបន្តបន្ទាប់ នូវអ្វីដែលអង្គប្រជុំបានលើកឡើង ជាពិសេសបន្តខិតខំអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អោយមានប្រសិទ្ធភាពខ្ពស់ រួមមានដូចជា គោលនយោបាយរក្សាការពារនូវសន្តិភាព ស្ថេរភាពសង្គម ទប់ស្កាត់ការធ្វើបដោវត្តពណ៌, គោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ដោយត្រូវមានការទប់ស្កាត់អោយបាននូវ ការចរាចរ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ចោរលួចចោរប្លន់ ក្មេងទំនើង និងការកាប់ព្រៃឈើធនធានធម្មជាតិ ជាដើម។
ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមានប្រសាសន៍កោតសរសើ និងថ្លែងអំណគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងការអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៍បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់ ។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ អោយបានល្អប្រសើ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវាលា៕ ពិនិត្យ កែសម្រួល៖ វួច ពឿន