ប៉ៃលិន ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃទាំង២គណៈ មកពីវត្តនានាក្នុងខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកាទៅឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ភូមិសាស្ត្រខេត្តប៉ៃលិន នៅចំនុចអូរអែម ទីបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ ៨២១ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់។
លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលបន្ទុក វរៈការពារព្រំដែនលេខ ៨២១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តប៉ៃលិនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ជាញឹកញាប់ ហើយ នេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធការពារទឹកដីនៅតាមខ្សែរបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យកាន់តែប្រសើឡើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃតែងតែជួយទំនុកបំរុងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាបន្តបន្ទាប់ ហើយជាក់ស្តែងពេលនេះ ក្រោយពីពីបញ្ចប់ពិធីបុណ្ឌកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិរួច មក ថ្នាក់ដឹកនាំខេត្តគ្រាប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទាំង២គណៈ បានសហការគ្នាចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈ គ្រឿងឧបភោគបរិភោគ នំអន្សម ព្រមទាំងថវិកា មកឧបត្ថម្ភជូនដល់កងកម្លាំងការពារព្រំដែននាថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាពសាមគ្គីភាព និងសិល្បៈចែករំលែក សមរភូមិក្រោយផ្សារភ្ជាប់សមរភូមិមុខ។ នៅចំពោះមុខកងកម្លាំងប្រដាប់អាវុធនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានជម្រាបជូនអំពីសភាពការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេស ហើយកុំឱ្យជឿតាមការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ព្រោះតែមហិច្ឆតាចង់បានអំណាច ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ប្រឆាំងជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើង ពីការបោះឆ្នោត និងប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស ជាពិសេសសូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតជម្ងឺដម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា៖ អំណោយដែលបានយកទៅឧបត្ថម្ភដល់កងកម្លាំងនាពេលនោះ រួមមាន៖ អង្ករ ៣០ការុង មី ៦៥កេះ ទឹកសុទ្ធ ១៥០យួរ ទឹកស៊ីអ៊ីវ ៤១យួ ទឹកត្រី ៤៧យួ ភេសជ្ជៈ ២០កេះ ត្រីខ ២០កេះ នំបញ្ចុក ១០០គីឡូ និងនំអន្សម ១តោន ព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាព ចំនួន ២,៥០០,០០០រៀល ក្នុងនោះកងកម្លាំងចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕