ប៉ៃលិន៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញកាត់ខ្សែរបូរ និងសម្ពោធឆ្លងក្លោងទ្វារវត្តភ្នំដំបងមង្គល ហៅវត្តភ្នំដំបង ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តមឧកញ៉ា ហេង ហាក់ម៉ុង និងឯកឧត្តមឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងលោកជំទាវ ដែលមានសធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលក្លោងទ្វារវត្តថ្មីនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ គឺពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ជាពិសេសនយោបាយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន បានធ្វើឱ្យប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍ គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ កុំឱ្យធ្វើចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទល្មើសខុសច្បាប់នានា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវខិតខំថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន។
សូមបញ្ជាក់ថា៖ ក្លោងទ្វារវត្តភ្នំដំបងមង្គល ដែលសម្ពោធឆ្លងនាពេលនេះ គឺចាប់ផ្តើមកសាងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ និងបញ្ចប់ការកសាងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិការកសាងរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ,ឯកឧត្តមឧកញ៉ា ហេង ហាក់ម៉ុង និងឯកឧត្តមឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងលោកជំទាវ សរុបចំនួន ១៣៥០០ដុល្លាសហរដ្ឋអាមេរិក។