រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិន កាន់បិណ្ឌវេនទី១៣នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ ហៅវត្តអូរអិល

  • 708
  • ដោយ poeuninfo

នៅក្នុងឱកាសក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នំានេះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  លោក​ លោកស្រី ប្រធាន អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ចើញចួលរួមកាន់បិណ្ឌវេនទី១៣ជាមួយបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ ចំណុះជើងវត្តនៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូរអិល) ដែលស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នា ថ្ងៃទី២៥-២៦ខែកញ្ញា ឆ្នាំ២០១៩។

        ព្រះគ្រូចៅអធិការវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ បានអោយដឹងថា៖ពិធីបុណ្យបិណ្ឌភ្ជុំត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល ១៥ថ្ងៃ ដោយចាប់ គិតពីថ្ងៃ ០១រោច ដល់ថ្ងៃទី ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅនោះ។ ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ០១រោច រហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានបូកបញ្ចូលគ្នាហើយហៅកាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។ហើយពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតាញាតិការទាំង ៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឲ្យបានទៅកាន់សុគតិភព ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅដែលនៅមានជីវិតរស់រាននៅឡើយ ឲ្យមានសេចក្តីសុខសប្បាយ ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិកសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះស្លាប់ដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ។

ឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗ និងសាសនាផ្សេងៗទៀតត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ប្រពៃណី ព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។ឯកឧត្តមបន្តថា៖ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង ៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកទៅហើយនោះ។ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្តឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយឲ្យពរជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

នៅក្នុងពិធីនេះដែរឯកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមទាំងមន្ត្រីក្រោមឧវាទ ជាមួយពុទ្ធបរិស័ទទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានប្រារព្ធធ្វើនាឱកាសពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្តបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវ                      ផល្លាអានិសង្ឃដល់ជ្រះថ្លាដែលឯកឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌវេនទី១៣នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូរអិល)នេះ ឯកឧត្តម ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិនរួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឧវាទ បាននាំយកសំភារៈនិងថវិកាមានដូចជា៖ អង្ករ  មី ទឹកត្រី ទឹកសាអ៊ីវ ទឹកសុទ្ធ ស្ក តែ ទឹកដោះគោ ស្លាដក់ និងថវិកាទៅវេប្រគេនតំកល់ទុកសំរាប់កសាងវត្តចំនួន១២៧២០០០០ រៀល ។ក្នុងនោះ​ដែរក៍បានប្រគេនបច្ច័យចៅអធិការវត្ត ១០ម៉ឺនរៀល ព្រះសង្ឃចំនួន០៦ អង្គ ក្នុង១អង្គ​បច្ច័យ ៥ម៉ឺនរៀល តាអាចារ្យ១០នាក់ ក្នុង១ម្នាក់ៗ២ម៉ឺនរៀល យាយជីចំនួន០៤នាក់ ក្នុង១ម្នាក់ៗ ២ម៉ឺនរៀល  ចាស់ៗចំនួន៤០នាក់ក្នុង១ម្នាក់ៗ ១ម៉ឺនរៀល និងជូនដល់​អ្នករៀប​ចំ​ចង្ក្រាន​ជើងឆ្នាំងចំនួន២០នាក់ ក្នុង១ម្នាក់ៗ ទទួលបាន១ម៉ឺនរៀល ផងដែរ ។

អត្ថបទទាក់ទង