នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកសិក្ខាសាលាស្តីពីគោលការណ៍និងនីតិវិធីការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្តប៉ៃលិន ដែលពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និងអស់លោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធរដ្ឋបាលសាលាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការអភិវឌ្ឍតាមលទ្ធិបែបប្រជាធិបតេយ្យ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានប្រាំបីចំណុចសំខាន់ៗរួមមាន ៖ទី ១/. ភាពជាតំណាងសាធារណៈ ទី២/ស្វ័យភាពរបស់មូលដ្ឋាន ទី៣/. ការពិគ្រោះយោបល់ក្នុងការចូលរួម ទី៤/. ការឆ្លើយតបក្នុងគណនេយ្យភាព ទី៥/. ការលើកកម្ពស់គុណភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទី៦/. ការលើកស្ទួយសមធម៌ ទី៧/. តម្លាភាព និងសុចរិតភាព និង និងទី៨/. វិធានការប្រឆំាងអំពើពុករលួយ និងការរំលោភអំណាច។ ស្របជាមួយគ្នានោះមន្ត្រីរាជការទាំងអស់ត្រូវមានទំនួលខុសត្រូវលើការងារនិងការបម្រើសេវាប្រជាពលរដ្ឋគ្មានភាពលំអៀងច្បាស់លាស់។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា៖ លក្ខណៈទំាងអស់នេះ បានឆ្លុះបញ្ចាំងតាមរយៈការទទួលបាន និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំ/សង្កាត់របស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចារ ធ្វើឲ្យមានភាពប្រសើរឡើង។ ឯកឧត្តមបន្ថែមទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាធារណៈជូនអ្នកប្រើប្រាស់ ឲ្យមានភាពប្រសើរឡើង កាត់បន្ថយនូវអំពើពុករលួយ តាមរយៈការបិទនូវតារាងតម្លៃសេវាផ្សេងៗជាដើម ។ទាំងនេះជាការដាក់ចេញអោយអនុវត្តនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់គ្រប់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រទទួលយកនូវចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាពនិងកិច្ចសហការជាមួយមន្ត្រី ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានភាពប្រសើរឡើង ។