ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិន រួមដំណើរដោយឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត និងសមាជិក សមាជិកាគណកម្មាធិការសាខា ព្រមទាំងក្រុមការងារប្រតិបត្តិមួយចំនួនទៀត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧០គ្រួសារ រស់នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ បាន ស្រីមុំបានពាំនាំការសួរសុខទុក្ខ ការនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលកំពុងរស់នៅក្នុងខេត្តប៉ៃលិន។ ជាមួយគ្នានោះ លោកជំទាវ ក៏បានណែនាំអោយប្រជាពលរដ្ឋទាំងអស់បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត មិនត្រូវខ្ជិលច្រអូសឡើយ ហើយក៏ត្រូវយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពគ្រួសារ មើលថែទាំសុខភាពអោយបានល្អ ពិសាទឹកដាំពុះ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ និងត្រូវគេងក្នុងមុងជានិច្ច ពិសេសត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ នៅពេលមានរោគសញ្ញានៃជំងឺឆ្លងណាមួយ ដើម្បីសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម ,ទឹកបរិសុទ្ធ១យួរ ,ត្រីខ ១០កំប៉ុង, មី១កេះ ១អាវយឺត១ និងថវិកា៣ម៉ឺនរៀលផងដែរ។ ដោយ៖ វួច ពឿន