ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាស្រុកសាលាក្រៅ មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅអណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តនូវរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុក ក៏ដូចជាការរំលេចចេញនូវបញ្ហាប្រឈមនានានៅក្នុងស្រុក ដើម្បីធ្វើការពិភាក្សាដោះស្រាយអោបានល្អប្រសើឡើងវិញ។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ព្រមទាំងមានការចូលរួមអាជ្ញាធរតាមមូលដ្ឋានជុំវិញស្រុក លោកអធិការនគរបាលស្រុក លោកមេប៉ុស្តិ៍ទាំង៤ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
បញ្ហាប្រឈមមួយចំនួនដែលដែលក្រុមប្រឹក្សាស្រុកបានលើកឡើងនាពេលនោះ រួមមាន៖ ការខ្វះទឹកស្អាតប្រើប្រាស់ និងទឹកសម្រាប់បង្ហៀរចូលស្រែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅអូរដូនតា, ឡានដឹកដីនៅឃុំស្ទឹងត្រង់ធ្វើអោយខូចខាតផ្លូវ នៅចំណុចភ្នំព្រាល , មន្ត្រីសុរិយាដីមួយចំនួនបានកេងប្រវ័ញលើតម្លៃសេវាសាធារណៈពីបងប្អូនប្រជាពលរដ្ឋ, ការចែកស្បៀងជូនប្រជាពលរដ្ឋក្រីក្រមិនចំគោលដៅ ព្រោះមានអាជ្ញាធរមូលដ្ឋានមួយចំនួនដាក់តែសាច់ញាតិខ្លួនឯង, សេវាកម្មនៅច្រកចេញចូលតែមួយ មានភាពយឺតយ៉ាវ និងខ្វះចន្លោះ,ការស្ទះលូនៅតាមបណ្តោផ្លូវ៥៩ ចំណុចផ្សារសាលាក្រៅ ,ការស្អុយលាមកជ្រូកនៅស្រុកសាលាក្រៅ ជាដើម។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៏ថ្លែមអំណរគុណដល់ក្រុមប្រឹក្សាស្រុក ដែលជួយរំលេចនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងស្រុកសាលាក្រៅ ដើម្បីរដ្ឋបាលស្រុកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើងវិញ។ លោកបានមានប្រសាសន៍ថា៖ បញ្ហាមួយចំនួនដែលក្រុមប្រឹក្សាបានលើកឡើងមកនេះ គឺជាគឺរដ្ឋបាលស្រុក កំពុងតែធ្វើការដោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ។ ប៉ុន្តែក៏មានបញ្ហាថ្មីៗមួយចំនួនទៀត ដែលរដ្ឋបាលស្រុកត្រូវតែបន្តរួមគ្នាដោះស្រាយ។ លោកបានបន្តថា៖ សមត្ថកិច្ចនគរបាល ក៏ដូចជាមន្រ្តីជំនាញតាមវិស័យនីមួយៗក្នុងស្រុកសាលាក្រៅ ត្រូវតែមានការប្រញ៉ាប់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយនូវបញ្ហាដែលក្រុមប្រឹក្សាបានលើកឡើង។
លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលស្រុកសាលាក្រៅ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងចូលរួមអភិវឌ្ឍន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្រុក អោយមានការរីកចំរើន។ លោកបានមានប្រសាសន៍ថា៖ ពីមួយខែ ទៅមួយខែ, ទទឹមនឹងសមិទ្ធិផលជាច្រើនដែលស្រុកសម្រេចបាន ក៏មានបញ្ហាប្រឈមមួយចំនួនទៀតបានកើតឡើងផងដែរ ដែលតម្រូវអោយយើងធ្វើការដោះស្រាយកែលម្អ អោយដូចជាភ្លៀងរលឹម។ លោក សួន ហ៊ីម ក៏បានណែនាំដល់មន្រ្តីមួយចំនួនដែលអសកម្មនឹងការងារ និងមន្រ្តីខិលខូចមួយចំនួនតូចនោះ ត្រូវផ្លាស់ប្តូឥរិយាបទអោយបានឆាប់រហ័ស ព្រោះអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដើរដល់ចំណុចទី៥ហើយ នោះគឺ “វះកាត់”៕ ពិនិត្យ កែសម្រួល៖ វួច ពឿន