រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុលជំរុញដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី យកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេស និងច្បាប់សាងសង់លើសំណង់នានាក្នុងខេត្តអោយបានត្រឹមត្រូវ

  • 677
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើការងារគ្រប់គ្រងសំណង់អាគារ ដល់ម្ចាស់ក្រុមហ៊ុនសំណង់នានាក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍​ជំរុញដល់មន្រ្តី​ជំនាញ​នៃមន្ទីររៀប​ចំដែនដីនគររូនីយកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់​ត្រួត​ពិនិ​ត្យ​បច្ចេក​ទេស គុណភាព និង​ច្បាប់​សាង​សង់ លើ​សំណង់នានាក្នុងខេត្ត អោយបានត្រឹមត្រូវច្បាស់លាស់ ស្រប​តាម​​បទដ្ឋាន​គតិយុត្តិ ស្តង់ដារសុវត្ថិភាព គុណភាព​សំណង់។ ពិសេសត្រូវ​ពិនិត្យ​មើល​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់នានា ដើម្បីអោយការងារសងសង់សំណង់អាគារ​នីមួយៗប្រកបទៅដោយគុណភាពរឹងមាំ សំដៅទប់ស្កាត់ ទប់ស្កាត់បានការបាក់រលំដែលនាំអោយប៉ះពាល់ ដល់អាយុ​ជី​វិត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ​។ ប៉ុន្តែមន្រ្តី​ជំនាញ​នៃមន្ទីររៀប​ចំដែនដីនគររូនីយកម្មសំណង់ និងសូរិយោដីខ្លួនឯងនោះ ក៏ត្រូវតែបំរើសេវាសាធារណៈ ដូចជា ការធ្វើច្បាប់អនុញ្ញាតិសាងសង់ដល់ក្រុមហ៊ុននានា ក៏ដូចជា ប្រជាពលរដ្ឋ អោយបានឆាប់រហ័សផងដែរ ដែលមិនត្រូវទុកពន្យាពេល ដោយមូលហេតុផ្សេងៗនោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិ​បាល​​បានចាត់វិធានការអោយគណអភិបាល​ខេត្តក្រុងទាំង​២៥ ​ទូទាំង​ប្រទេស​កម្ពុជា ​អនុវត្តផ្លូវច្បាប់អោយបានត្រឹមត្រូវលើសំណង់ ទាំងឡាយណាដែលមិនមានច្បាប់អនុញ្ញាតិ​ ក៏ដូចជាការជំរុញអោយធ្វើច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវមុនសាងសង់សំណង់ផ្សេងនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះឯកឧត្តមក៍បានណែនាំដល់​ក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ត្រូវ ​មាន​ការ​ទទួល​ខុសត្រូវខ្ពស់លើការងារសាងសង់របស់ខ្លួន​ ជៀសវាងការធ្វេសប្រហែស ដែលបង្ករអោយមានការបាក់រលំ ឬមិនមានគុណភាពសំណង់ ហើយម្ចាស់ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវធ្វើច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវផងដែរ មុនធ្វើការសាងសង់សំណង់អ្វីមួយ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង