មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបងប្អូនអាជីវករ ដែលជាម្ចាស់សិប្បកម្មកែច្នៃឈើ និងដេប៉ូចែកចាយឈើ សរុបចំនួន ៤២កន្លែង នៅទូទាំងខេត្តប៉ៃលិន ដោយមានលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុត្ថហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្មខេត្ត បានអញ្ជើញចូលរួមផងដែរនោះ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានស្នើអោយម្ចាស់សិប្បកម្មកែច្នៃឈើ និងដេប៉ូចែកចាយឈើនៅខេត្តប៉ៃលិនទាំងអស់ធ្វើច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ មានរោងសិប្បកម្មកែច្នៃឈើមួយចំនួនមិនទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីអាជ្ញាធរខេត្តនៅឡើយទេ ហើយរោងសិប្បកម្មទាំងនោះ ក៏កំពុងធ្វើការយ៉ាងសកម្មផងដែរលើផ្នែកកែច្នៃឈើនេះ ដែលបញ្ហានេះបង្ករភាពលំបាកស្មុគស្មាញដល់ការគ្រប់គ្រង ការប្រមូលចំណូលជូនរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់បងប្អូនអាជីវករ ដែលជាម្ចាស់សិប្បកម្មកែច្នៃឈើ និងដេប៉ូចែកចាយឈើក្នុងខេត្តប៉ៃលិនទាំងអស់ មិនត្រូវឃុបឃិតជាមួយជនទុច្ចរិតលួចកាប់ឈើ និងរក្សា ស្តុកទុកឈើដោយខុសច្បាប់នោះឡើយ ដែលបញ្ហានេះគឺជាមូលហេតុនៃការបាត់បង់ព្រៃឈើ ដែលរដ្ឋាភិបាលកំពុងមានការទប់ស្កាត់ និងផ្តន្ទាទោសជាកំហិត។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំ ជំរុញដល់មន្ត្រីជំនាញត្រូវធ្វើអាជ្ញាប័ណ្ណជូនប្រជាពលរដ្ឋ ម្ចាស់សិប្បកម្មកែច្នៃឈើ និងដេប៉ូចែកចាយឈើនៅខេត្តប៉ៃលិនទាំងអស់់ប្រកបដោយតម្លាភាព ឆាប់រហ័ស និងត្រូវបង្រ្កាបទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើតាមគ្រប់រូបភាព មិនអោយឈ្មួញទុច្ចរិតមួយចំនួនតូចនោះបានរួចខ្លួននោះទេ៕ វួច ពឿន