រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនស្នើសមភាគីសម្ព័ន្ធមេតីភាពក្រុងLenfin អោយមានការវិនិយោគនៅក្នុងខេត្តប៉ៃលិន

  • 450
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងឱកាស ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុងLenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន នាថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើរដល់សមភាគីសម្ព័ន្ធមេត្រីភាពនៃក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន សិក្សាពីសក្តានុពល​​វិនិយោគរបស់ខេត្តប៉ៃលិន ជាពិសេស វិស័យកសិកម្ម និងទេសចរណ៍ និងជំរុញអោយមានការវិន្នយោគពីបណ្តាក្រុមហ៊ុនចិននៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន របស់ប្រតិភូក្រុង Lenfin ខេត្ត Shanxi នាពេលនេះ​ គឺជា​ការបោះ​ជំ​ហ៊ាន​ទៅមុខ​ បន្ទាប់ពីរដ្ឋបាល​ខេត្តប៉ៃលិន បាន​ចងសម្ព័ន្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ Lenfin ខេត្ត Shanxi ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ទីក្រុង​អោយ​កាន់តែមានការ​រីកចម្រើន​ស្របតាម​គោលនយោបាយ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល​ដាក់​ចេញ​ដោយ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន និងឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។​

ជាការឆ្លើយតប លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin បានសន្យាថា៖ នឹងខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់​ឱកាស​អោយក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះផងដែរ លោក Zhao Hua ក៍បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាខេត្តប៉ៃលិន ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ​ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុក​មិត្ត​កម្ពុជា​គឺ​ជា​មិត្ត​ដ៏​ល្អ ជា​ដៃគូ​រួមសុខ រួមទុក្ខ​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក​​។

សូមបញ្ជាក់ថា៖ កាលពីពេលកន្លងទៅថ្មីៗនេះ ខេត្តប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង​ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា មានដូចជា​៖​ ១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញអោយមានការរីកចម្រើនរួមគ្នា។ ២-សម្របសម្រួលអោយមានការផ្លាស់ប្តូរទស្សនកិច្ចតំណាងរបស់ខ្លួនទៅវិញទៅមក។ ៣-ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញអោយមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ  ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។ ៤-ភាគីទាំង២​ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង