យុវជនម្នាក់ឈ្មោះ ឥត សុធារ៉ា អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ ខន សុខហៀង អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសចំក្បាលធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
គ្រោះថ្នាក់កើតឡើងដោយសារការស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្តិភាព រួចជ្រុលទៅបុកជាមួយរង្វង់មូលវិមានឯករាជ្យ មុខសាលាខេត្តប៉ៃលិនកាលពី វេលាម៉ោង ២២ និង ៤៥ នាទី ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
តាមរបាយការណ៍របស់ ព្រិន្ទបាលទោ វ៉ន ដារ៉ា មន្រ្តីការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអោយដឹងថា យុវជនឈ្មោះ ឥត សុធារ៉ា (ស្លាប់) គឺជាអ្នកបើកបរម៉ូតូម៉ាក Zomer X ពាក់ស្លាកលេខប៉ៃលិន 1B -5966 ក្នុងទិសដៅពីកើតមកលិច នៅលើផ្លូវជាតិលេខ៥៧ ក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿនខ្លាំង រួចក៏ជ្រុលទៅបុកនឹងរង្វង់មូលវិមានឯករាជ្យតែម្តង។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ចំណែក ជនរងគ្រោះ ដែលបានស្លាប់ត្រូវបាន កម្លាំងជំនាញចរាចរណ៍យកទៅដាក់ដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ វួច ពឿន