ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលការបូមទឹកសង្គ្រោះស្រូវវស្សាចំនួន ៧៥០ហិចតា ដែលមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិនកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើ និងថ្លែងអំណរគុណដល់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការចុះជួយអន្តរាគមន៍ សង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបានមានមានប្រសាសន៍បន្តថា៖ ក្នុងឆ្នាំនេះ នៅក្នុងខេត្តប៉ៃលិនមានភ្លៀងធ្លាក់តិចតួច ធ្វើអោយផលដំនាំរបស់បងប្អូនប្រជាពលរដ្ឋប្រឈមនឹងការខូចខាតទឹក ពិសេសគឺដំណាំស្រូវ ដែលតម្រូវអោយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ចុះជួយអន្តរាគមន៍សង្រ្គោះអោយបានទាន់ពេលវេលា។ នេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបនូវគ្រោះធម្មជាតិ តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា៖ បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអោយដឹងថា៖ ផ្ទៃដីស្រូវសន្ទូង និងស្រូវពង្រោះ របស់ប្រជាពលរដ្ឋ ដែលត្រូវបូមទឹក ជួយសង្គ្រោះនាពេលនេះ គឺមានចំនួន ៧៥០ហិចតា។ ក្នុងរយៈពេល ២ថ្ងៃនៃការបូមទឹកជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋនេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ២គ្រឿង ដោយចំណាយប្រេងម៉ាសូត ចំនួន ៤៥០លីត្រក្នុង១ថ្ងៃ ហើយយុទ្ធនាការ ជួយសង្គ្រោះស្រូវនេះ នឹងបន្តរហូតដល់មានភ្លៀងធ្លាក់ គ្រប់គ្រាប់សម្រាប់អោយដំណាំស្រូវអាចលូតលាស់បានល្អ៕ វួច ពឿន