នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានអញ្ជើញប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំទាំងបួន នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអំណោយទាំងនេះ គឺជាអំណោយរបស់ក្រសួងកិច្ចការនារី សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ នៅក្នុងខេត្តប៉ៃលិន តាមរយៈមន្ទីរកិច្ចការនារីខេត្ត។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគួរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋជួបនូវបញ្ហាប្រឈមនានាក្នុងជីវិតរស់នៅ។ ការនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រនាពេលនេះ គឺជាសកម្មភាពមួយនៃគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជួយគាំពារដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ តាមរយៈក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទោះបីជាអំណោយទាំងនេះមានចំនួនចិតតួច តែក៏អាចជួយដោះស្រាយបញ្ហាហូបចុកប្រចាំថ្ងៃបានមួយរយៈពេលខ្លី សម្រាប់បងប្អូនយកឱកាសទៅធ្វើការប្រកបរបរចិញ្ចឹមជីវិតបន្ថែទៀត។ ឯកឧត្តមក៍បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរបស់បងប្អូនឲ្យកាន់តែប្រសើឡើង ។ ព្រមជាមួយនេះសូមអោយអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការផ្តល់ព័ត៌មាន និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងជាអ្នករស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៏របស់លោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ មានចំនួនសរុប២០០គ្រួសារ ដោយមួយគ្រួសារទទួលបាលអង្ករ២០ គីឡូក្រាម៕ វួច ពឿន