ប្រជាពលរដ្ឋខេត្តប៉ៃលិនចូលចិត្តបរិភោគបន្លែគមក្រវ៉ាញ ហើយលើសពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចូលចិត្តបរិភោគបន្លែគមក្រវ៉ាញនេះដែរ។ អ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកំសាន្តក្នុងខេត្តប៉ៃលិន តែងតែកម្មង់ឆាក្រវ៉ាញ អន្លក់ក្រវ៉ាញ ឬសម្លក្រវ៉ាញផ្សេងទៀត សំរាប់ពេលអាហាររបស់ពួកគាត់ ហើយអ្នកខ្លះក៏បានទិញទៅពិសារនៅផ្ទះបន្ថែមទៀតផង។ បន្លែក្រវ៉ាញនេះ គេអាចយកមកធ្វើអាអន្លក់ ឆា ឬសម្ល ប្រកបដោយរស់ជាតិឆ្ងាញ់ ខ្លឹនប្រហើរ ជួយកាត់បន្ថយការតឹងច្រមុះផងដែរ។ បន្លែក្រវ៉ាញមានដុះនៅតាមប្រៃភ្នំ ឬដីដែលមានដើមឈើធំៗដុះជុំជិត ពោលគឺដំណាំនេះត្រូវការពន្លឺថ្ងៃតិច ហើយវារើសប្រភេទដី ដើម្បីដុះលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាំដុះផងដែរ ដែលទទួលបានលទ្ធផលគួរគាប់ប្រសើ។ ជាក់ស្តែង បងស្រី ឡុយ គឹមអេង អាយុ៣៨ឆ្នាំ ជាប្រជាកសិកររស់នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គាត់បានប្រកបរបរដាំក្រវ៉ាញនេះរយៈពេល ៣ឆ្នាំមកហើយ នៅលើផ្ទាំដីចំនួន១រ៉ៃ។
បងស្រី ឡុយ គឹមអេង បានបញ្ជាក់ថា៖ ក្នុងដីមួយរ៉ៃនេះ បងស្រីអាចប្រម៉ូលផលក្រវ៉ាញបានពី២០ ទៅ៣០គីឡូក្រាម ដោយបងស្រីអាចលក់នៅលើទីផ្សារបានតម្លៃ៨០០០រៀល ក្នុងមួយគីឡូក្រាម។ បងស្រីបានបន្តថា ពូជក្រវ៉ាញដែលបងស្រីដាំនេះគឺយកពីព្រៃភ្នំ ហើយក្រវ៉ាញនេះអាចអោយផលក្នុងអាយុកាលពី៥ទៅ៦ខែ។ បន្លែក្រវ៉ាញនេះ អាចប្រម៉ូលផលនៅពេលវាមានចេញស្លេក២ ឬ៣ ប៉ុណ្ណោះ ទើបក្រវ៉ាញខ្ចីល្អ។
លោក ម៉ម សុផានី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានបញ្ជាក់ថា៖ កន្លងមក មន្ទីរបានយកចិត្តទុកដាក់ និងជម្រុញដល់ប្រជាកសិករអោយដាំដំណាំក្រវ៉ាញ ប្រសិនបើមានដីដែលអាចសមស្របជាមួយដំណាំនេះ ព្រោះក្រវ៉ាញក៏អាចរកចំណូលបានច្រើនគួរសមសម្រាប់ប្រជាកសិករយើង ដែលក្រៅពីការដាំពោត ដាំដំឡូងប្រចាំរដូវ។ ដោយ៖ វួច ពឿន