ប៉ៃលិន៖ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានរតនាគារ១រូប និងអនុប្រធានរតនាគារ១រូប ក្នុងខេត្តប៉ៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីអភិបាលក្រុង/ស្រុក ប្រធានអនុប្រធានមន្ទីរជំនាញជុំវិញខេត្ត មេឃុំចៅសង្កាត់ផងដែរ។
បើតាមប្រកាសផ្ទេរភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ៦៩១ លហវ ប្រ.ក ប្រការ១/ត្រូវបានតែងតាំង លោក ហៀង សុងហួត បច្ចុប្បន្ន អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក ជាប្រធានរតនាគារខេត្តប៉ៃលិន ជំនួសលោកសុទ្ធឃុន ថាលដែលចូលនិវត្តន៍ ។២/លោកណេង ករុណា បច្ចុប្បន្ន អនុប្រធានលេខាធិការដ្ឋាន ជាអនុប្រធានរតនាគារខេត្តប៉ៃលិន។
បន្ទាប់ពីទទួលបានអនុក្រឹត្យតែងតាំងមុខតំណែងថ្មីពីឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមក លោក ហៀង សុងហួត ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសប្ដេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការផ្លាស់ប្ដូរ ឬតែងតាំង សម្រួលភារកិច្ចគឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះឯកឧត្តមសង្ឃឹមថាក្រោយពីការតែងតាំងប្រធានរតនាគារ និងអនុប្រធានរតនាគារថ្មី នឹងមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាចមានលទ្ធភាពបំពេញការងារបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារៈកិច្ចថ្មី សហការជាមួយអង្គភាពនានា សំដៅបំពេញកិច្ចបម្រើជាតិ និងប្រជាជនអោយទទួលបានជោគជ័យថ្មីៗ និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យក្នុងខេត្តប៉ៃលិនអោយបានជាបន្តបន្ទាប់។
ឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ណែនាំដល់ប្រធានរតនាគារខេត្ដប៉ៃលិនដែលទើបតែងតាំងថ្មី ត្រូវពង្រឹងសមត្ថភាពនិងបង្កើតធនធានអោយមានជំនេះជំនាញក្នុងអង្គភាពរបស់ខ្លួនប្រកបដោយគុណភាព ដើម្បីអនុវត្តការងារអោយទទួលបានជោគជ័យ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រមូលផ្តុំមន្ត្រី ក្រោមឱវាទមកធ្វើការងារជាសមូហភាពរួមគ្នាការងារហើយត្រូវសហការល្អ ជាមួយមន្ទីរជុំវិញខេត្ត និងគ្រប់បណ្តាស្រុកនៅក្នុងខេត្ដ ព្រោះថាការពង្រឹងសមត្ថភាពនេះហើយដែលធ្វើអោយយើងនិងអង្គភាព មានការរីកចំរើន ជាពិសេសចូលរួមអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិទាំងមូល ។ដូច្នេះហើយថ្នាក់ដឹកនាំ និងមន្រ្តីនៃរតនាគារខេត្តប៉ៃលិនត្រូវខិតខំសិក្សារៀនសូត្រអោយបានម៉ាត់ចត់ ដើម្បីអនុវត្តប្រតិបត្តិការចំណូល-ចំណាយទាំងអស់តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា FMIS ការបង់ចំណូលចូលគណនីប្រាក់បញ្ញើរបស់រតនាគារខេត្តនៅធនាគានានាក្នុងខេត្ត ហើយត្រូវខិតខំទូទាត់ចំណាយរតនាគាខេត្តជាមូលប្បទានប័ត្របើកប្រាក់ទាន់ពេលវេលាជូនអតិថិជននិងមន្រ្តីរាជការម្នាក់ៗដែលមានគណនីនៅធានារការណាឌីយ៉ា និងធានាគារអេស៊ីលីដាតែម្តង ជាពិសេសត្រូវរៀបចំរបាយការណ៍ចំណូល ចំណាយនិងតារាងតុល្យភាពថវិការថ្នាក់ជាតិ និងថវិការថ្នាក់ក្រោមជាតិប្រចាំខែ និងប្រចាំឆ្នាំអោយបានទាន់ពេលវេលា។ទន្ទឹមនឹងនេះឯកឧត្តមក៍បានជំរុញដល់ប្រធានថ្មីត្រូវបន្តអនុវត្តអភិក្រម០៤ ប្រការដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ ១/អនុវត្តការងារប្រកដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទី២/អនុវត្តការងារជាក្រុម។ ទី៣/អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីយុរេសកម្ម។ ទី៤/មិនត្រូវមើលរំលងកំហុងរបស់ខ្លួនឯង៕ វួច ពឿន