ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិលោកជំទាវ បាន ស្រីមុំ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតចំនួន៩១នាក់ ទូទាំងខេត្តប៉ៃលិន។
ការបើកប្រាក់ឧបត្ថម្ភដល់ចាស់ជរា
ដែលជាមូលនិធិរបស់លោកជំទាវ បាន ស្រីមុំនេះ បានធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា គឺ ទី១/នៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន
ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន។ ទី២/ នៅសាលាឃុំអូរអណ្ដូង
ក្នុងស្រុកសាលាក្រៅ និងទី៣/នៅសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅផងដែរ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា
ដោយមានការគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះលោកយាយ លោកតាចាស់ជរាក្រីក្រនៅក្នុងខេត្តប៉ៃលិន
ពីសំណាក់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៏ដូចជាឯកឧត្តមផ្ទាល់
ក៏បានមូលមតិគ្នាបង្កើតមូលនិធិចាស់ជរានេះឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលខ្លី គឺដើម្បីជួយសម្រាលការលំបាក
និងលើកកម្ពស់សុខុមាលភាពលោកយាយ លោកតា ចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន
ក៏ដូចជាការថ្លែងអំណរគុណដល់លោកយាយ លោកតា ដែលបានគាំទ្រដល់លោកជំទាវ បាន ស្រីមុំ
និងឯកឧត្តមផ្ទាល់នាពេលកន្លងមក។ ឯកឧត្តមបានបន្តថា មូលនិធិនេះគឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ
មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា ៖ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ដល់ចាស់ជរាគ្មានទីពឹង ឬមានជីវភាពខ្វះខាតនេះ គឺធ្វើឡើងនៅរៀងរាល់ថ្ងៃទី០៥ នៃខែនីមួយៗ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល៕ វួច ពឿន