រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

  • 581
  • ដោយ poeuninfo

ប៉ៃលិន៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរ​ការសាលារៀនឡើងវិញ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់​ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះ​កន្លង​មករាជ​រដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ ហើយ​ពេល​នេះ បន្តចាក់វ៉ាក់សាំងដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ ៦ឆ្នាំវិញ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

 ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៍កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍​សប្បាយ​រីក​រាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាល​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះ​ស្វែងរកវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ហើយពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច នៅគោលដៅចំនួន ០៤ (១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ ៣-មណ្ឌលសុខភាពភ្នំស្ពង់ និង៤-មណ្ឌលសុខភាពភ្នំព្រាល)៕

អត្ថបទទាក់ទង