ប៉ៃលិន៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបានខេត្តប៉ៃលិន អមដំណើរដោយអង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះ ពិនិត្យមើលជាក់ស្តែង គ្រឹះស្ថានសិក្សារដ្ឋ ដើម្បីត្រៀមបើកអោយដំណើរការឡើងវិញ នៅតាមតំបន់មានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សារដ្ឋក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តប៉ៃលិន បានជ្រើសរើសយក គ្រឹះស្ថានសិក្សារដ្ឋ ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញ ដោយផ្តោតសំខាន់លើបឋមសិក្សា ដល់ត្រឹមអនុវិទ្យាល័យ នៅតាមក្រុង ស្រុក និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងទូទាំងខេត្ត។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់លោកនាយកសាលាទាំងអស់ ពេលបើកដំណើរការរៀនឡើងវិញ ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ ពាក់ម៉ាស់ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃនៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម មិនត្រូវឱ្យសិស្សចេញលេងទេ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍ តាមស្តង់ដារប្រតិបត្តិ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។
នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជម្រុញលើកទឹកចិត្តដល់នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវខិតខំរៀបចំបរិស្ថានសាលារៀន អោយបានស្អាត មានសោភ័ណភាព និងមានអនាម័យល្អ ដើម្បីប្រឡងប្រណាំងយកលេខ ០១ប្រចាំឆ្នាំ ហើយរដ្ឋបាលខេត្ត នឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តចំនួន ២០លានរៀនផងដែរ សម្រាប់សាលាដែលទទួលបានជ័យលាភី។
បើតាមការបញ្ជាក់របស់ លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើបឋមសិក្សាដល់ត្រឹមអនុវិទ្យាល័យនៅតាមក្រុង ស្រុកក្នុងខេត្ត និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្តចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ហើយសាលា ដែលត្រៀមបើកសាកល្បងបង្រៀន រួមមាន៖ ក្រុងប៉ៃលិន មាន (អនុវិទ្យាល័យបរយ៉ា, សាលាបឋមសិក្សាបរយ៉ាខា, អនុវិទ្យាល័យភ្នំយ៉ាត, សាលាបឋមសិក្សាប៉ាងរលឹម និងអនុវិទ្យាល័យប៉ាងរលឹម) ចំណែក ស្រុកសាលាក្រៅ មាន (អនុវិទ្យាល័យហ៊ុន សែន អូរដូនតា, សាលាបឋមសិក្សាដីស,សាលាបឋមសិក្សាព្រៃសន្ទះ និងសាលាបឋមសិក្សាកូនដំរី)៕